កងទ័ពយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាគទី១ថៃ ជួបប្រជុំរឹតចំណងសម្ព័ន្ធមេត្រីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានដឹកនាំគណ:ប្រតិភូយោធភូមិភាគទី៥ និងមានការអញ្ជើញចូលពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តខេត្តបន្ទាយមានជ័យ ចូលរួមក្នុងកិច្ចប្រជុំ ជាមួយប្រតិភូកងទ័ពភូមិភាគទី១ថៃ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ និងអភិបាលខេត្តស្រះកែវ នៅក្នុងបរិវេណស្ពានមិត្តភាពកម្ពុជា–ថៃ ច្រកអន្តរជាតិ “ប៉ោយប៉ែត–ខ្លងលឹក” ។
គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា–កងទ័ពភូមិភាគទី១ថៃ រួមមាន:
១–ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរឡើង។
២–បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។
៣–គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
៤–បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ក៏បានថ្លែងអរគុណដល់ប្រទេសកម្ពុជា ដែលបានជួយជនជាតិថៃក្នុងហេតុការអគ្គីភ័យឆាបឆេះសណ្ឋាគារ ហ្គ្រែនដាយមេននៅក្នុងក្រុងប៉ោយប៉ែតកន្លងមក ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយទោ សេង ធារិន បានស្នើសុំដល់ភាគីថៃជួយទប់ស្កាត់ កុំឲ្យមានអ្នកនយោបាយប្រទេសទាំង២ យកព្រំដែនធ្វើជាបញ្ហានយោបាយ ព្រោះថាបញ្ហាព្រំដែនជាភារកិច្ចនៃកងកម្លាំងនៃប្រទេសទាំងពី។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាស ប្រកបដោយភាពស្និទ្ធស្នាល រីករាយ មិត្តភាព និងភាតរភាព៕