លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា
ខេត្តស្វាយរៀង៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងទី៣០ ខែមករា ឆ្នាំ២០២៣នេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។
ជាងនេះទៅទៀតលោកជំទាវ ក៏បានស្នើឲ្យនិស្សិតជ័យលាភីទាំងអស់ ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមានប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ
១–ត្រូវបន្តការសិក្សាពេញមួយជីវិត
២–ត្រូវចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយការទទួលខុសត្រូវ
៣–ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម
៤–ត្រូវខិតខំចូលរួមបង្កើតស្នាដៃថ្មីឱ្យសង្គមជាតិយើង
៥–ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត
៦–ត្រូវចេះតបស្នងគុណ
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បាននាំយកថវិការបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសប្បុរសជន ចំនួន ១០លានរៀល និង ៦.០០០$ ប្រគល់ជូនដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ដើម្បីចាត់ចែងក្នុងកម្មវិធី ។ ចំណែកឯ និស្សិតជ័យលាភី ៣.១៨៩អង្គ⁄នាក់ ក្នុង១អង្គ⁄នាក់ ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕