អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចាក់ឈូសឆាយ គៀកិនធ្វើផ្លូវជូនប្រជាពលរដ្ឋនៅសង្កាត់ផ្សារកណ្តាល និងដឹកនាំក្រុមការងារដាក់គំរបលូ កាប់ឆ្ការព្រៃនៅតាមបណ្តោយផ្លូវជាតិលេខ៥
ខេត្តបន្ទាយមានជ័យ៖ផ្លូវលំមួយខ្សែប្រវែង ៣៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ ដែលលាតសន្ធឹងពីផ្លូវរបងវត្តផ្សារកណ្តាល ឆ្ពោះទៅកាន់ផ្លូវទៅរោងចក្រហាត់ឌីស ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដាក់គ្រឿងចក្រ ធ្វើការឈូសឆាយ និងគៀកិន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ។
លោក គាត ហ៊ុល អភិបាលក្រុង បានឲ្យដឹងថា ផ្លូវលំមួយខ្សែនេះជាជំហានដំបូងយើងធ្វើការឈូសឆាយ និងគៀកិន ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរសិន តែគ្រោងបន្តចាក់ថ្មមិច នាពេលខាងមុខ ហើយថ្ងៃអនាគត់អាចចាក់បេតុងទៀតផង ។ នាថ្ងៃខែដដែរនេះលោកអភិបាលក្រុង បានដឹកនាំក្រុមការងារចុះដាក់គំរបលូ និងកាប់ឆ្ការព្រៃលើដីទំនេ ដែលមិនមានម្ចាស់អើពើ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសឲ្យកាន់តែច្រើនបន្ថែមទៀត ព្រោះថាបច្ចុប្បន្ននេះក្រោយពីជំងឺកូវីដបានធូស្បោយច្រើន ប្រមុខថ្នាក់ដឹកនាំបើកប្រទេសឲ្យដំណើរការធម្មតាវិញ ឃើញថាភ្ញៀវជាតិ និងអន្តរជាតិ ស្នាក់នៅ និងឆ្លងកាត់ច្រើនគួរឲ្យកត់សម្គាល់ ។
សូមជំរាបផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកមនុស្ស ទឹក ភ្លើង ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ពោលគឺ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ យ៉ាងណាមិញសម្រាប់ក្រុងប៉ោយប៉ែតបច្ចុប្បន្នមានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ទាំងសួនច្បារ សាលារៀន មន្ទីពេទ្យ សំណង់ធំៗរីកស្គុះស្គាយ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុងខ្វាត់ខ្វែងគ្រប់ច្រកល្ហក។ល។ រីឯវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនគួរឲ្យគត់សម្គាល់ផងដែរ ។អ្វីដែលពិសេសជាងនេះទៅទៀត និងជាមោទនភាពរម្រាប់ប្រទេសកម្ពុជា ដែលប្រទេសមួយចំនួនមិនទាន់មាននោះ គឺរថភ្លើងល្បឿនលឿនពីក្រុងប៉ោយប៉ែត ទៅភ្នំពេញប្រើរយះពេលពីជាង ២ម៉ោង ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងស្ថាបនាឡើងនាពេលខាងមុខនេះផងដែរ ៕