ប្រជាពលរដ្ឋរស់នៅស្រុកកណ្ដាលស្ទឹង ទទួលបានសមិទ្ធផលថ្មីបន្ថែមសម្រាប់ឆ្នាំ២០២៣នេះ គឺផ្លូវបេតុងអាមេប្រវែង១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តកណ្ដាល៖ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ១ខ្សែប្រវែង ១០០០ម៉ែត្រ នៅស្រុកកណ្ដាលស្ទឹង នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា សមិទ្ធផលផ្លូវបេតុងនេះ និងរីកចម្រើនជាច្រើនឥតឈប់ឈររបស់ខេត្តកណ្តាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភា ដោយក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួច ជាច្រើនសំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ដូច្នេះតយើងទាំងអស់គ្នាត្រូវស្រឡាញ់សន្តិភាព អរគុណសន្តិភាព ការពារសន្តិភាព យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ គឺដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និង អនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ នាយករដ្ឋមន្តី គឺ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងឆ្លុះកញ្ចក់,ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ។សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន៕