អ្នករត់កង់បី(PassApp) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈ្លោះប្រកែកគ្នាតឹងសរសៃ.ក ព្រោះតែរឿងដណ្ដើមម៉ូយគ្នា(មានវីដេអូរ)
ខេត្តបន្ទាយមានជ័យ៖ករណីឈ្លោះប្រកែកគ្នាតឹងសរសៃ.ក រវាងអ្នករត់ម៉ូតូកង់បី(PassApp)ដូចគ្នា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែជារឿងស្មុគស្មាញដដែល កើតមានឡើងជាហូរហែសឹងនឹងរាល់ថ្ងៃ ដោយផ្ដើមចេញពីការដណ្ដើមម៉ូយគ្នា ។ជាក់ស្តែងនៅល្ងាចថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៣ មានអ្នករត់ម៉ូតូកង់បី(PassApp)ដែលចាំត្រង់ចាប់ម៉ូយនៅខាងក្រោយដែលពួកគាត់អះអាងថា បង់លុយឲ្យអ្នកប្រចាំការនៅទីនោះតិចជាង អ្នករត់នៅពីមុខ ពោលគឺនៅចំណុចច្រកចេញតែម្តង បានប្រតិកម្មឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ដាក់គ្នាបង្កការភ្ញាក់ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលចេញពីទឹកដីថៃ។
អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បីនៅទីនោះបានឲ្យដឹងថា ករណីឈ្លោះប្រកែកគ្នានេះមិនមែនទើបតែកើតមាននោះទេ ពោលគឺសឹងតែរាល់ថ្ងៃទៅហើយ ដោយសារតែមេដែលអ្នករៀបចំនៅទីនោះ រៀបចំមិនស្មើភាពគ្នា ដោយឲ្យអ្នកដែលបង់លុយប្រចាំខែច្រើនទៅចាប់ម៉ូយនៅពីខាងមុខ ពោលគឺនៅចំមាត់ច្រកចេញ មានប្រៀបជាងដោយក្នុងម៉ូតូកង់បី(PassApp)នីមួយៗមានវិទ្យុទាក់ទង(អាយកូម)គ្រប់ៗគ្នា ដើម្បីហៅឡើងបណ្ដាក់គ្នាប្រសេកប្រសាចចេញម្តង៣គ្រឿង ចូល៣គ្រឿង បិតស្ទាក់ចាប់យកភ្ញៀវអស់ៗ ចំណែកពួកខ្លួនដែលបង់លុយប្រចាំខែតិច បានត្រឹមតែចាំត្រង់ពីក្រោយនៅពេលដែលអ្នកនៅពីមុខមិនត្រូវតម្លៃទម្លាក់ចោលមិនបាននោះ ជាហេតុធ្វើឲ្យពួកគាត់ជាអ្នករត់កង់បី(PassApp) ឈ្លោះប្រកែកគ្នាតឹងសរសៃ.ក បង្កការភ្ញាក់ផ្អើលតែម្តង។
ដូច្នេះពួកគាត់ជាអ្នករត់កង់បី(PassApp)ដែលចាំត្រង់ពីក្រោយនោះស្នើឱ្យអ្នករៀបចំនៅទីនោះ ធ្វើការរៀបចំយ៉ាងណាឲ្យស្មើភាពគ្នា មានន័យថា បើបង់លុយខែត្រូវបង់ស្មើគ្នា ហើយរៀបចំជាជូរ ចេញដាក់ភ្ញៀវតាមលេខរៀង អ្នកទៅមុនគឺបានមុន អ្នកទៅក្រោយគឺទម្រង់ជួរពីក្រោយ ជៀសវាងឈ្លោះប្រកែកគ្នា នាំឲ្យប៉ះពាល់ដល់មុខមាត់ច្រកអន្តរជាតិ ព្រោះតែរឿងប្រយោជន៍បន្តិតបន្តួច។ជុំវិញការយកលុយខែពីអ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បី(PassApp)នេះដែរមិនដឹងថា ខាងណាជាអ្នកយកនោះទេ ហើយក៏មិនដឹងថាក្នុងមួយនាក់យកប៉ុន្មាននោះដែរ ដោយសារពួកគាត់មិនប្រាប់ ព្រោះតែមានការគំរាមថាបើសិនជាប្រាប់គេថាបង់លុយខែ គេនឹងលែងឲ្យចូលនៅតំបន់ខាងលើនេះទៀត ទោះបីជាអង្គភាពយើងព្យាយាមតាមសួរយ៉ាងណាក្តី ។ជាប់ជាមួយគ្នានេះដែរសម្រាប់ក្រុងប៉ោយប៉ែតបច្ចុប្បន្នឃើញថា អ្នករត់ម៉ូតូកង់បីមានការកើនឡើងគួរឲ្យកត់សម្គាល់។ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការព្រួយបារម្ភផងដែរ ដោយសារអ្នករត់ម៉ូតូកង់បីមួយចំនួនបើកបរក្នុងល្បឿនលឿននៅក្នុងទីប្រជុំជន ដោយសារប្រញាប់ទៅចាប់ម៉ូយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលភ្ញៀវជាតិនិងអន្តរជាតិ ពិសេសនាពេលល្ងាចដែលត្រូវពេលវេលាដែលអាជីវករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ ចេញមកប្រទេសខ្លួនវិញនោះ ។ហើយរយៈការកន្លងមកនេះគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជារឿយៗ ភាគច្រើនគឺផ្ដើមចេញពីអ្នករត់ម៉ូតូកង់បីនេះតែម្ដង។
គួរម្លឹកផងដែរថា ពាក់ព័ន្ធនឹងការយកលុយពីអ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បី(PassApp)នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតនេះដែរ កាលពីកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានព្រមានចាត់វិធានការលើអ្នកដែលយកលុយពីអ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បី(PassApp)នៅចំណុចបរិវេណច្រកទ្វាអន្តរជាតិផងដែរ តែពេលនេះក៏ស្រាប់តែបែកធ្លាយមានការបង់លុយប្រចាំខែបន្តទៀត តែមិនបានបញ្ជាក់ថាបង់ឲ្យអ្នកណានោះទេ តែចង្អុលប្រាប់ថា ម្នាក់ពាក់អាវឈុតជាមេរបស់ពួកគាត់ ហើយចង់ឲ្យរត់នៅបរិវេណខាងលើឬមិនចង់គឺអាស្រ័យលើមេនេះឯង។ការបែកធ្លាយបង់លុយនេះគឺក្រោយពីអ្នករត់ម៉ូតូកង់បី(PassApp)ឈ្លោះប្រកែកគ្នាខឹងចាប់ម៉ូយមិនបាន ។ដូចច្នេះស្នើឲ្យ លោកឧត្តមសេន៍យ៍ត្រី អ៊ី ចំរើន ពិនិត្យផងទាន!!! ជៀងវាងការចោទប្រកាន់ណាមួយលើមន្ត្រីរបស់លោកដែលកំពុងអនុវត្តភារកិច្ចបំរើប្រជាពលរដ្ឋយ៉ាងមមាញឹកចាប់តាំងពីព្រឹកព្រលឹម ដល់យប់នោះផងដែរ៕សូមអញ្ជើញទស្សនានូវីដេអូរដែលមានដូចខាក្រោម៖