មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវថវិកា មូលនិធិមនុស្សធម៌កងរាជអាវុធហត្ថខេត្ត ប្រគល់ជូនដល់អតីតមេបញ្ជាការរង (និវត្តន៍ជន) ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ខេត្តតាកែវ៖លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី បានដឹកនាំ មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវថវិកា មូលនិធិមនុស្សធម៌កងរាជអាវុធហត្ថខេត្តរួមមាន៖ទឹកប្រាក់ចំនួន ៤,៣០០,០០០៛ ( បួនលានសាមសិបម៉ឺនរៀល ) ,អង្ករ មួយបាវ (៥០គីឡូក្រាម),ទឹកបរិសុទ្ធ ៥កេស,ទឹកដោះគោឆៅ ៥ យួរ,ទឹកក្រូច២កេស ទៅប្រគល់ជូនដល់លោក ជា សំអាត អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ (និវត្តន៍ជន) ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជ័យ ស្ថិតក្នុងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ថវិកាមូលនិធិមនុស្សធម៌ដែលទទួលបាននាពេលនេះ គឺបានមកពីការចូលរួមតាមសទ្ធាចិត្តជ្រះថ្លារបស់នាយទាហាននាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលបានបង្កើតឡើងតាមការណែនាំនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងអនុវត្តស្របទៅតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឈ្លៀតក្នុងពេលនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់អ្នកជម្ងឺចំនួនពីរគ្រួសារ ដែលសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយលោកជា សំអាត ផងដែរ(ក្នុងមួយគ្រួសារទទួលបានចំនួន ដប់ម៉ឺនរៀល)។
លោកឧត្តមសេនីយ៍ត្រីសេង មហា មេបញ្ជាការខេត្ត បានជូនពរដល់លោក ជា សំអាត ឱ្យឆាប់បានជាសះស្បើយ និងជួបតែសេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា