កម្ពុជា-ថៃ រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែនកាន់តែល្អប្រសើរឡើង ជាពិសេសកសិផលដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ចំពោះប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន
(ប៉ៃលិន)៖លោក ហុក សុផល អភិបាលរងខេត្ត តំណាងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ ចូលរួមប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់ថៈបុរី ប្រទេសថៃ ដឹកនាំដោយលោក Monsit Paisanthanawat (ម៉នសិទ្ធ ផៃសានឋាណាវ៉ាត) អភិបាលខេត្តចាន់ថៈបុរី នៅរីសត Soidao Goodviews Resort (ស៊យដាវ ហ្គូដវីយីវ រីសត) នៅស្រុកពោងណារ៉ន ខេត្តចាន់ថៈបូរី ដើម្បីធ្វើការពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តនៅ ជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតនិងការនាំដំណាំកសិផល និងបញ្ហាគម្រោងការសាងសង់ស្ពានថ្មីនៅច្រកទ្វារអន្តរជាតិព្រំ។
ក្នុងកិច្ចប្រជុំនោះ លោក ហុក សុផល បានស្នើដល់សមភាគីខេត្តចាន់ថៈបុរី បន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើចរាចរណ៍ ផ្លាស់ប្តូរទំនិញ ឆ្លងកាត់ព្រំដែនរវាងខេត្តទាំង២ ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសគឺកសិផល ដែលជាដង្ហើម សេដ្ឋកិច្ចដ៏សំខាន់ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន។
អភិបាលរងខេត្ត បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តចាន់បុរី និងខេត្តប៉ៃលិន បានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដើម្បីបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ដែលនេះបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អមិនអាចកាត់ថ្លៃបានក្រោមដំបូលសុខសន្តិភាពពេញលេញ។
នៅក្នុងឱកាសនោះ លោក ហុក សុផល បានសំណូមពរដល់ភាគីថៃ ត្រូវបន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖
– ការពន្លឿនការកសាងស្ពានឆ្លងព្រំដែនច្រកទ្វារអន្តរជាតិព្រំ
– បញ្ហាពលករខ្មែរឆ្លងដែន
– បញ្ហាសុខាភិបាលលើការចេញចូលដឹកអ្នកជម្ងឺចូលប្រទេសថៃ
– បង្ក្រាបបទល្មើសឆ្លងដែននានា
– ការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់ថៈបុរី ប្រទេសថៃ និងខេត្តប៉ៃលិន។សូមថៃជួយសម្រួលដល់ការនាំចេញដំណាំដំឡូងមី ស្វាយកែវល្មៀត ជាពិសេសគឺផ្លែមៀន ប៉ៃលិន ទៅកាន់ប្រទេសថៃឲ្យបានកាន់ងាយស្រួល និងមានភាពល្អប្រសើរជាងមុនផងដែរ។
ជាការឆ្លើយតប លោក ម៉នសិទ្ធ ផៃសានឋាណាវ៉ាត អភិបាលខេត្តចាន់ថៈបុរី បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តទាំង២ និងខិតខំដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ហើយនឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ឱ្យបានកាន់តែល្អប្រសើរឡើង៕