សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតចំនួន៧នាក់ ទទួលបានកង់ និងសម្ភារៈសិក្សា ពីឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ
(បន្ទាយមានជ័យ)៖លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ អមដំណើរដោយលោក អ៊ុ វិណារ៉ា លោក អ៊ឹម សុភារៈ អភិបាលរងក្រុង ចៅសង្កាត់ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារក្រុមហ៊ុន លីហ្វ ហ្វ្លរ ឯ.ក (LEAF FOOR Co.,LTD) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកអំណោយជាកង់ និងសម្ភារៈសិក្សា ជាអំណោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ទៅចែកជូនដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតចំនួន៧នាក់ នៅសាលាបឋមសិក្សាកំព្រីង ស្ថិតនៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះសិស្សានុសិស្ស ជិត២០០នាក់ទៀត ក៏ទទួលបានសម្ភារៈសិក្សា ពីក្រុមហ៊ុន លីហ្វ ហ្វ្លរ ឯ.ក ផងដែរ ។
នៅក្នុងឱកាសនោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ទៅលើសុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងសិស្សានុសិស្សដែលមានជីវភាព ចំនួន៧នាក់ ដែលមានខ្វះខាត ទទួលបានកង់ និងសម្ភារៈសិក្សា និងក្រុមហ៊ុន លីហ្វ ហ្វ្លរ ឯ.ក (LEAF FOOR Co.,LTD) ដើម្បីជាឱកាសឱ្យក្មួយៗ បានសិក្សារៀនសូត្របន្ត ក្រេបយកចំណេះដឹង អភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ ។
នាឱកាសនោះលោកស្រេង សុផល ក៏បានធ្វើការជំរុញណែនាំដល់ក្មួយក្មួយ ដែលជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ការទូន្មានប្រៀនប្រដៅរបស់លោកគ្រូ–អ្នកគ្រូ អាណាព្យាបាល ពេលទំនេរត្រូវជួយធ្វើកិច្ចការងារផ្ទះ សិក្សារៀនសូត្របន្ថែម កុំយកពេលវេលាធ្វើអ្វីដែលសង្គមស្អមខ្ពើម ជាពិសេសត្រូវចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន។
សូមបញ្ជាក់ផងដែរថា ៖ សិស្សានុសិស្ស ទាំង៧នាក់ ដែលទទួលបានអំណោយកង់ និងសម្ភារៈ មកពីភូមិចំនួន៧ នៅក្នុងសង្កាត់ភ្នៀត និងសិស្សានុសិស្ស ចំនួន១៧៥ ទទួលបានអំណោយពីក្រុមហ៊ុន លីហ្វ ហ្វ្លរ ឯ.ក ជាសម្ភារៈសិក្សា មាន ៖ ប៊ិច សៀវភៅ ជាដើម ៕