ជនសង្ស័យ ២នាក់ ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន ក្រោយពីរកឃើញមានអាវុធ(ដាវសាំម៉ូរ៉ៃ កែច្នៃ) នៅជាប់តាមខ្លួន
ខេត្តតាកែវ៖ដោយអនុវត្តតាមកាណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេង នៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី តែងតែសហការគ្នាជាមួយកងកម្លាំងដែលពាក់ព័ន្ធ ចុះត្បាតជាប្រចាំ លុះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត ខណៈកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ និងប្រជាការពារ បានធ្វើការល្បាត ដល់ចំណុចស្ពានអន្លុងធន់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏មានការសង្ស័យទៅលើមនុស្ស ២នាក់ ជិះម៉ូតូមួយគ្រឿង ធុនស៊ុយសូគីនិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AJ-6901 បានធ្វើការឃាត់សួរនាំ នឹងឆែកឆេរ ក៏ស្រាប់តែប្រទះឃើញមានកាំបិតតាំងតោ ០១ដើម ប្រវែង ៣០សង់ទីម៉ែត្រ ,ដាវសាំម៉ូរ៉ៃ កែច្នៃ ០១ដើម ប្រវែង ៥៨ សង់ទីម៉ែត្រ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ អុន ភ័ក្រ្តា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី និងឈ្មោះ ឡី លីហួរ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ។វត្ថុតាងដកហូតបានរួមមាន៖ដាវសាំម៉ូរ៉ៃកែច្នៃ ០១ ដើម,កាំបិតតាំងតោ ០១ដើម ,ម៉ូតូមួយគ្រឿង ធុនស៊ុយសូគីនិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AJ-6901។បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឋិតនៅក្រោមការសាកសួររបស់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ។
អធិការដ្ឋាននគរបាលស្រុកបាទី ក៏សូមអំពាវដល់ប្រជាពលរដ្ឋ ជាពិសេសប្អូនៗយុវវ័យទាំងអស់ ក្នុងពេលធ្វើដំណើរនៅតាមទីសារណៈ ឬលើដងផ្លូវ សូមកុំរក្សាអាវុធខុសច្បាប់នានា ពុំនោះមន្រ្តីនគរបាលយើងនឹងហៅសួរ បើករណីមានការសង្ស័យក្នុងអំពើទុច្ចរិត នឹងត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ លោក ផូង បញ្ញា