ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០៩និង២៣នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចម្តុំរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ភារម្យ ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងឈ្មោះ តូច រតនៈ ហៅ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្តថា កាលពីវេលម៉ោងខាងលើជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា ZOOMER X ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខបាត់ដំបង 1Y-2427 ដើម្បីទៅហាងលក់ដូរមួយកន្លងម្តុំរោងចក្រឌីស ហើយបានចតម៉ូតូទុកនៅខាងមុខហាង ដោយភ្លេចដកកូនសោទុកជាប់នឹងម៉ូតូ ហើយក៏ដើរចូលក្នុងហាង បានមួយសន្ទុះ ខ្លួនបានចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូរបស់ខ្លួនតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ រួមទាំងវត្ថុតាងយកមកកាន់មូលដ្ឋាន ដើម្បីធ្វើការសួរនាំ និងមានចំណាត់ការតាមនីតិវិធី។
ក្រោយការឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យ ទាំង២នាក់ បានឆ្លើយសារភាពថា រូបគេទាំង២នាក់ពិតជាបានធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព នឹងមានវត្ថុតាង ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្តក្រុង កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ២នាក់ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញ៕