ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៣០ខ្នង
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ ចំនួន៥០នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ នាំយកអំណោយស័ង្កសីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចំនួន៤៤៨សន្លឹក ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅភូមិចំនួន៦ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋសុបចំនួន៣០ខ្នងផ្ទះ និងសម្ភារមួយចំនួនផងដែរ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដើម្បីជួយសម្រួលនូវទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕