ពិធីក្រុងពលីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងនូវសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូចៅអធិការវត្តទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាធិបតីភាពក្នុងពិធីក្រុងពលីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងនូវសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូចៅអធិការវត្ត ទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាបន្តមកទៀតក៏បានអញ្ជើញប្រារព្ធពិធីដង្ហែដុំនិមិត្តសីមា ប្រទក្សិណជុំវិញព្រះវិហារ ចំនួនបីជុំរួចក៏បានធ្វើ នមស្សការព្រះរតនត្រ័យ សមាទានសីល និងវេដុំនិមិត្តសីមានិង រោងឧបោសថ ព្រះវិហារថ្មីប្រគេនដល់ព្រះសង្ឃ។
ព្រះភិក្ខុសុវណ្ណបញ្ញា យឺន សុវណ្ណារ ហៅយ៉ារី ដែលជាព្រះគ្រូចៅអធិការវត្តទួលពង្រ បានមានសង្ឃដីកាថា ខ្ញុំព្រះករុណា ខ្ញុំជាព្រះសង្ឃយើងខ្ញុំទាំងអស់គ្នា ជាអាចារ្យគណៈកម្មការ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសបានមូលមតិគ្នា ជាឯកឆន្ទរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងនូវសមិទ្ធផលនានា ដែលបានប្រគេននិងជម្រាបជូន សូមអនុមោទនានិមន្តព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគោរព ឃើញឯកឧត្តមលោកជំទាវ លោកឧកញ៉ាអស់លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយសូមចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ ហើយអនុមោទនាទទួលយកនូវអានិសង្ស ដែលកើតចេញពីបុណ្យបញ្ចុះខណ្ឌសីមានេះ ដែលជាបុណ្យមួយដ៏កម្រក្នុងព្រះពុទ្ធសាសនាសម្រាប់ព្រះសង្ឃ ធ្វើនៅសង្ឃកម្មផ្សេងៗមានកឋិនកម្មជាដើម ដែលមានផលានិសង្សច្រើន។
ចៅអធិការវត្តបានមានសង្ឃដីកាបន្តថា ការប្រារព្ធធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តទួលពង្រនេះមានរយៈពេលប្រាំពីរថ្ងៃចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នៃកម្មវិធីបុណ្យបានរៀបចំទៅតាមបែបគន្លងនៃព្រះពុទ្ធសាសនាលុះដល់ថ្ងៃបង្ហើយទី២២ ខែមីនា ឆ្នាំ២០២៣ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវក៏បានអញ្ជើញជាអធិបតីភាពក៏មានពិធីសំណេះសំណាលបំពាក់នូវគ្រឿងឥស្សរិយយស ចែកអំណោយនិងកាន់អាស៊ីសីមាព្រះវិហារថ្មីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនិងវេរភត្តាហារឆ្លងនៃកម្មវិធីបុណ្យផងដែរ៕