អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណា ហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ(លក់ជ្រក់ជើងមាន់) បច្ចុប្បន្នស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ទេព មន្នីសារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ–ឃុំខាងលើ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតាងដែលដកហូតបានរួមមាន៖កូនសោរបន្ទប់ខូច ចំនួន០១, តួឡឺវីសដងលឿងលាយខ្មៅ ចំនួន០១ដើម,ទូរសព្ទដៃម៉ាកOPPO ចំនួន០១គ្រឿង យកទៅសួរនាំមូលដ្ឋានកងរាជអាវុធហត្ថក្រុង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ជួល របស់ជនរងគ្រោះដើម្បីចូលលួចយកឥវ៉ាន់ ខណៈនោះស្រាប់តែជនរងគ្រោះបានមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពគាស់សោរបន្ទប់លេខ២៥ ជាន់ទី២ ឃើញដូចនោះជនរងគ្រោះបានរត់ទៅមើលស្រាប់តែឃើញ ជនសង្ស័យនោះកំពុងរុះរើរក្នុងបន្ទប់រកមើលទ្រព្យសម្បត្តិដែលមានតម្លៃផ្សេងៗ តែត្រូវបានរូបខ្លួនចាប់ជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចឱ្យមកឃាត់ខ្លួនតែម្តង។
ក្រោយឃាត់ខ្លួន និងសួរចម្លើយរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកតាមចម្លើយសារភាព និងវត្ថុតាង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនិតិវិធី៕