ឃាត់ខ្លួនក្មេងទំនើង ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់ឡាន)នៅស្រុកត្រាំកក់
(ខេត្តតាកែវ)៖កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការស្រាវជ្រាវរហូតបង្រ្កាបបានមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង០០នាទី ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់ឡាន) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង១៥នាទី នៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៧៨–៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌សពាក់ផ្លាកលេខកម្ពុជាEaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ ៤២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជនានីភ្នំពេញដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីរខេត្តកំពតទៅរាជនានីភ្នំពេញ បណ្ដាលឲ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្ត ចំឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។
ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖
ទី១–ឈ្មោះ ហេង សុភក្ដិ ហៅហ្គែត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី ២០២១ពាក់ផ្លាកលេខតាកែវ1.Z7296។
ទី២–ឈ្មោះ ជុំ ចាន់ភារក្ស ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ដកហូតវត្ថុតាងម៉ូតូម៉ាកនិចពណ៌សខៀវ ស៊េរី២០២៣ ពាក់ផ្លាកលេខ តាកែវ1.A B5578 ។
ទី៣–ឈ្មោះ អ៊ុន យូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ។
ទី៤–ឈ្មោះ រី យ៉ានុត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម និងបក្ខពួកម្នាក់ទៀតឈ្មោះ លី ស៊ីអាន់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដែលជាម្ចាស់ម៉ូតូម៉ាក អ៊ិចស៊ិនទរ័ បានរត់គេចខ្លួនបាត់។ ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរចម្លើយ ជនសង្ស័យទាំង០៤នាក់បានសារភាពថា នៅថ្ងៃកើតហេតុពួកខ្លួនទាំង០៥នាក់ ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូ តាមផ្លូវជាតិលេខ ៣ បណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទរ័ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា