សម្តេចតេជោ ចាត់ទុកនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា
( ភ្នំពេញ)៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ក្នុងនោះសម្តេចតេជោ បានចាត់ទុកនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនោះសម្តេចតេជោ បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យបន្តសិក្សារៀនសូត្របន្ថែមទៀត។ សម្តេចតេជោ បញ្ជាក់ថា បណ្ដាល័យនេះគឺជាឃ្លាំងចំណេះដឹងដ៏សំខាន់សម្រាប់សិស្សនិស្សិតដែល ត្រូវការចំណេះដឹងផ្សេងៗ ជាពិសេសការសិក្សាស្រាវជ្រាវរបស់និស្សិតគ្រប់ៗរូប។
សម្តេចតេជោបញ្ជាក់ទៀតថា ការមិនព្រមរៀន មិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ នាពេលខាងមុខ។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដំឡើងប្រាក់ឧបត្ថម្ភទៅកាន់បណ្ណាល័យរបស់សម្តេចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១០លានរៀលក្នុងមួយខែ ចាប់ពីខែមីនា ឆ្នាំ២០២៣ និងបានណែនាំរដ្ឋមន្ត្រីអប់រំ ជជែកជាមួយថ្នាក់ដឹកនាំនៃប្រទេសឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ ដើម្បីឆ្លើយតបការប្រែប្រួលអត្រាប្តូរប្រាក់ ផងដែរ ៕