នគរបាលក្រុងប៉ោយប៉ែត ព្រមានចាត់វិធានការចំពោះម្ចាស់គេហទំព័រ និងហ្វេសប៊ុកមួយចំនួន ដែលបានផ្សព្វផ្សាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់នគរបាលជាតិ ពាក់ព័ន្ធករណីកាស៊ីណូ នៅសង្កាត់អូរឬស្សី បើកឲ្យពលរដ្ឋខ្មែរចូលលេងជល់មាន់ ខណៈកាស៊ីណូមួយនេះបានបិតទ្វាជាយូមកហើយ
(បន្ទាយមានជ័យ)៖ក្រោយពីសង្គេតឃើញមានការផ្សព្វផ្សាយនៅលើគេហទំព័រ និងបណ្តាញសង្គមហ្វេសប៊ុក(Facebook)មួយចំនួន ពាក់ព័ន្ធករណីកាស៊ីណូ១កន្លែង ស្ថិតនៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងប្រភេទជល់មាន់ យ៉ាងគក្រឹកគក្រេងនោះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវ និងហៅម្ចាស់ទីតាំងសួនាំ ធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបិទទីតាំងអាជីវកម្មមួយនេះ។
ជុំវិញករណីនេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីចុះធ្វើការស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង ជាលទ្ធផលកាស៊ីណូឆាយណាថោន នៅចំណុចខាងលើនេះមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានបុគ្គលិកជាពលរដ្ឋខ្មែរបម្រើការងារទីនោះជាច្រើនរូប ហើយកាស៊ីណូនេះបានបិទទ្វារមិនធ្វើអាជីវកម្មមួយរយះហើយ។
ដូច្នេះពាក់ព័ន្ធការចុះផ្សាយរបស់គេហទំព័រ និងបណ្តាញសង្គមហ្វេប៊ុក(Facebook)ចំនួន ដែលបានកូបពីផ្សព្វផ្សាយ តៗគ្នាថា៖
១–មានជនជាតិខ្មែរចូលលែងកាស៊ីណូខាងលើនោះ «ជារឿងមិនពិតទេ ជនជាតិខ្មែរទាំងនោះគឺជាបុគ្គលិកបម្រើការងារប៉ុណ្ណោះ»។
២–ចំពោះមានការបើកលែងខុសច្បាប់គគ្រឹកគគ្រែង «មិនពិតទេ ព្រោះកាស៊ីណូគេមានច្បាប់ត្រឹមត្រូវ»។
៣–ចំពោះការចេញផ្សាយលើគេហទំព័រ និងបណ្តាញសង្គមហ្វេប៊ុក(Facebook)ចំនួន ប្រើប្រាស់រូបភាពចាស់យូរហើយ និងរូបភាពខ្លះមិនមែនទីតាំងនេះទៀតផង។
៤–ការចុះពិនិត្យជាក់ស្តែង ទីតាំងកាស៊ីណូមួយនេះ បានបិទទ្វារមិនធ្វើអាជីវកម្មជាង១០ថ្ងៃមកហើយដែរ។ដូច្នេះដើម្បីរក្សាបាននូវគុណតម្លៃ របស់ខ្លួន សូមលោក លោកស្រី ម្ចាស់គេហទំព័រ និងបណ្តាញសង្គមហ្វេប៊ុក(Facebook)ចំនួននោះ សូមចុះផ្សាយកែតម្រូវឡើងវិញ។ ក្នុងករណីនូវតែបន្តសកម្មភាពចុះផ្សាយខុសពីការពិត អង្គភាពនគរបាលនឹងមានចំណាត់ការតាមផ្លូវច្បាប់។
ជុំវិញការផ្សព្វផ្សាយដោយមិនមានមូលដ្ឋានច្បាស់លាស់នេះដែរអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្នើដល់លោក លោកស្រី ប្រធានអង្គភាព និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមមានក្រមសីលធម៌ និងវិជ្ជាជីវ: ធ្វើការចុះផ្សាយអ្វីមួយត្រូវប្រមូលប្រភពព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ រិះគន់ដើម្បីស្ថាបនា កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច បែជាចុះផ្សាយបំភ្លើសកាពិត ដែលនាំឲ្យប៉ះពាល់ដល់ កិត្តយស សេចក្តីថ្លៃថ្នូរ នៃការខិតខំប្រឹងប្រែង របស់នគរបាលជាតិ និងធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នអនុវត្តន៍ច្បាប់៕