ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ១ ៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាល្ងើត ស្រុកស្វាយជ្រំ ត្រូវបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ
ខេត្តស្វាយរៀង៖ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ១ ៨៩០ម៉ែត្រ ពីភូមិតាជៃ ទៅភូមិវាល្ងើត ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបញ្ញាក់ថា សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមបញ្ជាក់ទៀតថា ការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងកសាងជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខ ខេត្តក៏នឹងអាចប្រែក្លាយផ្លូវនេះពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង ។
ក្នុងនោះក៏បានថ្លែងអរគុណចំពោះបង ប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានឃុំកំពង់ចំឡង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ នាពេលកន្លងមក ដែលនេះគឺពិតជាសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋយើងមានការជឿជាក់ថាមានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេច តេជោ ប៉ុណ្ណោះដែលនៅកៀក រួមសុខរួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំប្រទេសជាតិ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បាននាំមកនូវអំណោយសម្រាប់ផ្ដល់ជូន មន្ត្រីរាជការសាលាស្រុក ១០នាក់ ក្នុងម្នាក់ៗថវិកា ១០០.០០០រៀល ,ក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការរដ្ឋបាលឃុំ ១៣នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល, កម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំ ១២នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល, លោកនាយកសាលាទាំង៧ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល ,បុគ្គលិកមណ្ឌលសុខភាព ១០នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល ,មេភូមិ អនុភូមិ និងសមាជិកភូមិ ២១នាក់ ក្នុងម្នាក់ៗ ថវិកា ៦០.០០០រៀល ,ប្រជាការពារភូមិ ៣៥នាក់ ក្នុងម្នាក់ៗថវិកា ៦០.០០០រៀល និងប្រជាពលរដ្ឋ ៣៣៦នាក់ ម្នាក់ៗទទួលបាន សឹង ១ ទឹកសុទ្ធ ១ដប ទឹកក្រូច ១កំប៉ុង នំប៉័ង ១ដើម នំប៉ាវ ១ និងថវិកា ២០.០០០រៀលផងដែរ៕