នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ជនសង្ស័យ០២នាក់ ត្រូវនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ០៣គោលដៅដោយឡែកពីគ្នា នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ឃាត់ខ្លួន រួមទាំងវត្ថុតាងថ្នាំញៀន ១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព និងមានការសម្របសម្រួលផ្ទាល់ដោយ លោក សោ វុទ្ធី ព្រះរាជអមជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤និង២០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន០២គោលដៅ ដោយគោលដៅទី០១ – ចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះសាន ប៊ុនថេត ភេទប្រុស អាយុ១៦ឆ្នាំ និងចាប់យកបានវត្ថុតាងម្សៅពណ៌សក្រាម ចំនួន០៦ថង់ធំ ,ទូរស័ព្ទដៃ០១គ្រឿង,ថ្នាំកញ្ចប់មានឡូហ្គោម៉ាក(សឺដែស) ចំនួន០២កញ្ចប់,ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ F៣ រូបសេះ (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់,ថ្នាំកញ្ចប់ពណ៌ក្រហម អុចៗ មានអក្សរ Supreme (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់ ។
គោលលដៅទី០២–បានបន្តចុះទៅកន្លែងការ៉ាអូខេ(ម៉ូលីណា) G៩ KTV ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។វត្ថុតាងដកហូតបានមាន៖ទូរស័ព្ទដៃ០១គ្រឿង និងរថយន្តម៉ាកុចស៊ីស RX 330 ពណ៌ស ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB 0175 ។
លោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖នៅវេលាម៉ោង១០និង១៥ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក សោ វុទ្ធី ព្រះរាជអមជ្ញារងអមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ វិធានញោះញង់) កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជនសង្ស័យនិងណាត់កន្លែងប្រគល់ទទួលអីវ៉ាន់ ពេលទៅដល់ជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកតែវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១២ថង់ធំ។វត្ថុតាងទាំងនោះត្រូវបានយកមកការិយាល័យប្រឆាំងគ្រឿងញៀន និងបានរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូងហើយផងដែរ ៕