កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង បើកប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម
(បន្ទាយមានជ័យ)៖ដោយមានកិច្ចសហការល្អរវាង កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង និងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រកជនសង្ស័យម្នាក់ឈ្មោះ សឿង ហ៊ាន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបានធ្វើសកម្មភាពសម្លាប់ ម្ដាយក្មេក នៅខេត្តព្រៃវែង កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ រួចបានរត់គេចខ្លួនមកក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវអស់រយៈពេល៤ថ្ងៃ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តទាំង២ពីរ បានកំណត់មុខសញ្ញា បានតាមរយៈជនសង្ស័យយកម៉ូតូរបស់ខ្លួនដែលជិៈគេចខ្លួនក្រោយពីធ្វើសកម្មភាពសម្លាប់ម្តាយក្មេកនៅខេត្តព្រៃវែង ទៅបញ្ចាំនីហាងបញ្ចាំមួយកន្លែក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកបានគេចខ្លួនទៅច្រកដូង(ច្រកឡែម) ខេត្តបាត់ដំបង ក្នុងគោលបំណង បម្រុងឆ្លងដែនទៅប្រទេសថៃ ។ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរ បានសុំកិច្ចសហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចបេនឡានច្រកឡែម ស្ថិតនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលា ម៉ោង១៩ និង០០នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវីធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ក្រោយពីបំពេញនីតិវិធីរួចជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ជូន កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕