អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគ្គសម័យឌីជីថល “
(ព្រះសីហនុ)៖ថ្លែងក្នុងអង្គពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគ្គសម័យឌីជីថល “នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នារីមកពីមន្ទីរ អង្គភាពក្នុងខេត្ត នារីសាលាខេត្ត និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សាខាកាកបាទក្រហមផងនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា ក្រោមម្លប់សន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននឹងកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈតួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះ ស្រាយជម្លោះនានាដោយសន្តិវិធី។
ឯកឧត្តមបញ្ជាក់ទៀតថា ស្ត្រីកម្ពុជាជាកម្លាំងចលកររួមចំណែក នៃកំណើនសេដ្ឋកិច្ច ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងនៅក្នុងតំបន់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំចំណះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈការច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។ ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕