លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនក្បាច់គុនត្រៀមសម្តែងបង្ហាញទស្សនីយភាពព្រឹត្តការណ៍អង្គរសង្រ្កាន្ត
(បន្ទាយមានជ័យ)៖ថ្លែងក្នុងពិធីបើកវគ្គក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាយទាហាន និងកម្មសិក្សាការី ចំណុះទីបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១ មានរយៈពេលសិក្សាចំនួន ៥៥ថ្ងៃ និងសិក្ខាកាម សរុបចំនួន៣០០នាក់ និងត្រៀមសម្តែងបង្ហាញទស្សនីយភាពព្រឹត្តការណ៍អង្គរសង្រ្កាន្កនៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខ។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងវគ្គដោយពេលវេលារៀននៅតិច ថ្ងៃសម្រាក ថ្ងៃបុណ្យមានច្រើន ដូច្នេះត្រូវគ្រប់គ្រងសិស្ស១០០ភាគរយ យោធាចារ្យត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗបង្ហាត់បង្រៀនសិស្សឱ្យងាយយល់ ឆាប់ចេះ ធានាបានគុណភាពហ្វឹកហ្វឺន ត្រូវធានាបានល្អការស្នាក់នៅ ធានាការហូបចុកឆ្ងាញ់ ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។ កម្មសិក្សាការីត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូ ដើម្បីទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ ត្រូវថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ–១៩ ។
ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវមានក្នុងអង្គភាព បើមានយោធិនណាប្រព្រឹត្តគ្រឿងញៀនត្រូវបណ្តេញចេញពីជួរ។ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតយើងទាំងអស់គ្នា ត្រូវចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំ ដើម្បីត្រៀមយថាហេតុសង្រ្គោះប្រជាពលរដ្ឋ ។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃនេះ និងបានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០ រៀល ព្រមទាំងអាវយឺតចំនួន៣០០ អាវ.និងស្បៀងឧបភោគបរិភោគ និងភេសជ្ជៈរបស់រដ្ឋបាលខេត្តឧបត្ថមចូលរួមមាន អង្ករចំនួន២.០០០គីឡូក្រាម មីចំនួន២០កេសត្រីខចំនួន៤កេស ទឹកស៊ីអ៊ីវចំនួន២០យួរ ទឹកត្រីចំនួន២០យួរ ទឹកបរិសុទ្ធអារុណាចំនួន២០កេស គោជល់ចំនួន១០កេសជូនដល់វគ្គហ្វឹកហ្វឺនផងដែរ៕