ចោលួចកាច់.កម៉ូតូ ត្រូវបានមិត្តភ័ក្ដិរបស់ជនរងគ្រោះ ដេញឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច ខណ្ឌចំការមន
(ភ្នំពេញ)៖ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់.ក ម៉ូតូ កាលពីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលក់ថ្នាំពេទ្យឯកជន ជិតរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានមិត្តភ័ក្ដិរបស់ជនរងគ្រោះ ដេញឃាត់ខ្លួន បាននៅចំណុចផ្លូវ៤៣០ កែងផ្លូវ៤៦៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រួចប្រគល់អោយសមត្ថកិច្ច។
ជនសង្ស័យ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GE 6806 ជារបស់ជនរងគ្រោះមកវិញហើយ។ពាក់ព័ន្ធករណីខាងលើនេះបើតាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានទុកម៉ូតូនៅមុខផ្ទះ ហើយកំពុងតែរវល់លក់ថ្នាំពេទ្យដូចសព្វដង លុះពេលរវល់តែលក់ភ្លេចខ្លួន ក៏ស្រាប់តែលេចមុខជនសង្ស័យ ដោយមិនដឹងថាប៉ុន្មាននាក់នោះទេ បានធ្វើសកម្មភាពកាច់.កម៉ូតូរបស់គាត់យកទៅបាត់តែម្តង។
ជនរងគ្រោះបានបន្តថា ពេលនោះខ្លួនក៏បានខលទូរស័ព្ទទៅប្រាប់មិត្តភ័ក្ដិប្រុសរបស់ខ្លួនថា «ម៉ូតូត្រូវចោរលួច» គាប់ជួនពេលនោះ មិត្តភ័ក្តិប្រុសរបស់គាត់ក៏បានជិះម៉ូតូតាមផ្លូវ ក្នុងគោលបំណងមកកន្លែងកើតហេតុ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូម៉ាក SUZUKInex ខាងលើ ព្រមទាំងចំណាំស្លាកលេខថែមទៀត មិត្តភក្តិគាត់ក៏បានជិះដេញតាមជនសង្ស័យពីក្រោយ រហូតដល់ចំណុចផ្លូវ៣៤០ កែងផ្លូវ៤៦៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ហើយពេលនោះក៏ស្រែកថា «ចោរ» ហើយក៏បានលោតទៅចាប់ជនសង្ស័យជាប់តែម្ដង។
នៅពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាំងម៉ូតូរបស់ជនរងគ្រោះ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវតែម្ដងទៅ ។ ចំណែកជនសង្ស័យវិញ ក៏ត្រូវបានសមត្ថកិច្ចសួរនាំ រួចក៏បញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕