លោក តាំង ម៉េងលាន ណែនាំដល់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឱ្យពិនិត្យទីតាំងសមស្រប ដើម្បីត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកងកម្លាំងមានសមត្ថកិច្ចទាំង៣ មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមរៀបចំសង្រ្កាន្តខេត្តកណ្ដាល នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ។
ក្នុងនោះលោកអភិបាលរងខេត្តកណ្ដាល បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឱ្យពិនិត្យទីតាំងសមស្រប ដើម្បីត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរ នឹងឈានចូលមកដល់នៅសល់តែជាង ១ខែទៀតប៉ុណ្ណោះ។
ជាមួយគ្នានោះដែរលោកក៏បានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿនការរៀបចំស្ដងពិពណ៌ទំនិញចំរុះ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានាបានសមរម្យមានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អ នៅពេលយប់ឱ្យបានឆាប់រហ័ស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេនភ្នំព្រះរាជទ្រព្យឲ្យបានល្អប្រសើរជាប្រចាំផងដែរ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប ពីសកម្មភាពដែលយើងបានធ្វើ។
ទន្ទឹមនោះលោកក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋដែលអញ្ចើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានល្អប្រសើរផងដែរ៕