ពិធីកាត់ឫសសីមាសម្ពោធឆ្លងជាផ្លូវការ ព្រះវិហារថ្មី វត្តភ្នំបាក់ខាងលើ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ព្រះវិហារថ្មីមួយខ្នងដែលមានទំហំ ១៥ម៉ែត្រ បណ្ដោយ២១ ម៉ែត្រ កម្ពស់១៤ម៉ែត្រ ដែលបានចំណាយក្នុងការកសាងអស់ថវិកាចំនួន ៣៥០០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាវត្តភ្នំបាក់ខាងលើ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន ពិធីកាត់ឫសសីមាសម្ពោធឆ្លងជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោជ ខែ ផល្គុន ឆ្នាំខាល ចត្តាឡីស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ី ឡុង សមាជិករដ្ឋសភាមណ្ឌល ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ព្រះតេជគុណ រតនបកាសកោ ស្ងួន ហ៊ុល ព្រះគ្រូចៅអធិការវត្តភ្នំបាក់ខាងលើ ព្រះអង្គបានមានថេរដីកាថា ការកកើតឡើងនេះជាការចូលរួមខ្លាំងក្លាពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសនេះគឺជាកម្លាំងមហាសាមគ្គីធ្វើឲ្យវត្តនេះមានសម្ធិផលជាច្រើនសម្រាប់ការប្រើប្រាស់ព្រះសង្ឃគង់នៅជាទីកន្លែងគោរពសក្ការបូជា និងសម្រាប់ការរៀនសូត្រ។បច្ចុប្បន្ននេះវត្តភ្នំបាក់ខាងលើមានព្រះសង្ឃ៦០អង្គ ដែលភាគច្រើនព្រះអង្គកំពុងតែសិក្សារៀនសូត្រ។ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថា វត្តគឺនៅជំពាក់សម្ភារៈគ្រឿងសំណង់ប្រមាណជាង ២០០០០ដុល្លារទៀត។
នៅក្នុងឱកាសពិធីកាត់ឫសសីមានេះផងដែរ ឯកឧត្ដម អ៊ី ឡុង បានមានប្រសាសន៍ថា ស្ថិតនៅក្រោមម្លប់សន្តិភាពសុខដុមរមនា រមនានៃអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយឯកឧត្តមមានក្ដីសង្ឃឹម និងជឿជាក់ថា សកម្មភាពនេះសមិទ្ធផលទាំងអស់ដែលសម្រេចបានជាប្រយោជន៍ក្នុងព្រះពុទ្ធ មានទំហំធំធេងគួរឲ្យកត់សម្គាល់នាពេលនេះតែជាគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការវត្ត ដោយកម្លាំងសទ្ធាជ្រះថ្លា ចូលរួបរួមសាមគ្គីរបស់ព្រះសង្ឃ សប្បុរសជនពុទ្ធបរិស័ទនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបរិច្ចាគលះបង់ទាំងពេលវេលាថវិកា និងសម្ភារៈ ដោយស្ម័គ្រចិត្ត និងជ្រះថ្លាបំផុត និងដើម្បីជាទ្រព្យសម្រាប់ខ្លួន ប្រើប្រាស់ទៅអនាគតជាតិ ព្រោះថា បុណ្យទាំងឡាយរមែងបានជាទីពឹងរបស់សត្វទាំងឡាយក្នុងលោកនេះ និងលោកខាងមុខ។ចុងបញ្ចប់កម្មវិធីឯកឧត្ដម អ៊ី ឡុង បាននាំយកថវិការបស់ឯកឧត្ដម កែ គឹមយ៉ាន និងលោកជំទាវ ចំនួន ៦លានរៀល ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត និងបំពាក់គ្រឿងឥស្សរិយយស មេដាយ ដល់ព្រះតេជគុណ សប្បុរសជន ព្រមទាំងចែកជូនសារុងម្នាក់មួយដល់ប្រជាពលរដ្ឋផងដែរ៕