ដំណើរទស្សនកិច្ច វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រអប់រំចិត្តសាស្ត្រ យោធាជំនាន់ទី៩ ប្រចាំឆ្នាំសិក្សា២០២២-២០២៣
(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានរៀបចំពិធីស្វាគមន៍ ដំណើរទស្សនកិច្ច របស់និស្សិតយោធាវគ្គបណ្តុះបណ្តាលបរិញ្ញាបត្រអប់រំចិត្តសាស្ត្រយោធាជំនាន់ទី៩ ដឹកនាំដោយឧត្តមសេនីយ៍ឯក គង់ ណាវិន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ នាយកមហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ មានមតិស្វាគមន៍អធិបតី និងសមាជិកក្នុងអង្គពិធីទាំងមូលថា លោកមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលក្រុមនិស្សិតយោធាថ្នាក់បរិញ្ញាបត្រអប់រំចិត្តសាស្ត្រជំនាន់ទី៩ នៃសកលវិទ្យាល័យការពារជាតិដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ណាវិន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ នាយកមហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា អញ្ជើញមកដល់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដើម្បីធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដកពិសោធន៍អំពីកិច្ចការងារដឹកនាំអង្គភាពរបស់អង្គភាពកងពលឈរជើងការពារនៅព្រំដែន។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពលបានបន្តថា ការអញ្ជើញមកដល់របស់និស្សិតយោធាពីសាកលវិទ្យាល័យការពារជាតិ ធ្វើទស្សកិច្ចសិក្សានៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ សង្ឃឹមថា ប្អូនៗនិស្សិតយោធា និងបានយល់ជ្រួតជ្រាបដកស្រង់នូវបទពិសោធន៍ឲ្យបានច្បាស់បន្ថែម ទៅលើការសិក្សានៅឯសាលា។ ព្រោះការសិក្សានៅឯសាលាគឺជាចំណេះដឹង ចំណែកនៅឯអង្គភាពគឺជាចំណេះធ្វើ ដូច្នេះបើយើងមានចំណេះដឹង និងចំណេះធ្វើ នឹងមានសមត្ថភាព បទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំអង្គភាពរីកចម្រើនគ្រប់វិស័យ។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក គង់ ណាវិន ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំអង្គភាពរបស់កងពលតូចថ្មើរជើងលេខ៥១ មានការរីកចម្រើនលើគ្រប់វិស័យខ្លាំងក្លាគួរឲ្យកត់សម្គាល់ ជាពិសេសការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ដែលមានសមិទ្ធិផលថ្មីៗជាច្រើន។
ឯកឧត្តមបានបន្តថា ប្អូនៗនិស្សិតយោធាត្រូវតែសិក្សាស្វែងយល់ឲ្យបានច្បាស់បន្ថែមទៀតនូវរបៀបដឹកនាំបញ្ជាជោគជ័យរបស់អង្គភាពថ្នាក់ក្រោម ហើយចងក្រងទុកជាឯកសារមេរៀន ឫជាបទពិសោធន៍ ដើម្បីជាទុនឲ្យខ្លួនក្លាយជាអ្នកដឹកនាំអង្គភាពជោគជ័យទៅថ្ងៃអនាគត៕