អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពផលប៉ះពាល់បរិស្ថាន ដែលកើតចេញពីក្រុមហ៊ុនកែរច្នៃរ និងវេចខ្ចប់កសិផល ដើម្បីសហការរកដំណោះស្រាយ
(ប៉ៃលិន)៖ ក្នុងយន្តការដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ អញ្ជើញចុះពិនិត្យមើលស្ថានភាព និងផលប៉ះពាល់បរិស្ថាន ដែលកើតចេញពីក្រុមហ៊ុនកែរច្នៃរ និងវេចខ្ចប់ផ្លែស្វាយសម្រាប់នាំចេញ ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសហការរកដំណោះស្រាយជាមួយក្រុមហ៊ុន បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ នាំគ្នាផ្តិតមេដៃ ស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីអាជ្ញាធរខេត្តប៉ៃលិន ។
ក្នុងឱកាសនោះ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់ ក្រុមហ៊ុនចិន «ឆៃសិន» ដែលកំពុងកែរច្នៃរ និងវេចខ្ចប់ផ្លែស្វាយសម្រាប់នាំចេញ ត្រូវបញ្ឈប់ការបង្ហូរកាកសំណល់ផ្លែស្វាយ និងទឹកស្អុយមានសារធាតុគីមីពុល ចូលទៅក្នុងប្រឡាយ ឬ អូរធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនេះ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ស្របតាមផែនការជាតិ និងផែនការសកម្មភាពបរិស្ថានឆ្នាំ ២០១៦–២០២៣ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៧ និងស្របតាមមាត្រា ៥៩ នៃរដ្ឋធម្មនុញ្ញគឺគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមសហការគ្នាចូលរួមកាត់បន្ថយបញ្ហាបំពុលបរិស្ថានក្នុងទឹក ដី និងខ្យល់ ព្រមទាំងអភិរក្សធនធានធម្មជាតិជីវចម្រុះនានា នោះកម្ពុជានឹងមានបរិស្ថានធម្មជាតិស្រស់បំព្រងប្រកបដោយនិរន្តរភាព ។
ក្នុងនោះលោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ជំរុញដល់ក្រុមហ៊ុន ត្រូវសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធ្វើការសិក្សា និងរៀបចំបំពាក់អាងប្រព្រឹតិ្ដកម្មសំណល់រាវតាមលក្ខណៈបច្ចេកទេស ជាសវាងការបង្ហូរទឹកស្អុយ និងសារធាតុគីមីចូលទៅក្នុងប្រឡាយ ឬ អូរធម្មជាតិ និង ដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ ដែលមានលំនៅឋានក្បែរទីតាំងក្រុមហ៊ុន ដោយបង្កជាផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និង ការបំពុលប្រភពទឹកសាធារណៈ ជាដើម៕ ដោយ ៖ លោក ក្រូច ណាវី