ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អណត្តិទី៣
(ប៉ៃលិន)៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ខ្លួននៅសាលប្រជុំធំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក–លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងឃុំ–សង្កាត់ជាច្រើននាក់ផងដែរ។
ក្នុងកិច្ចប្រជុំនេះលើកយកនូវរបៀបវារៈដូចខាងក្រោម៖
១–ប្រកាសសមាសភាពនាយករងរដ្ឋបាល នាយកទីចាត់ការ និងប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល របស់រដ្ឋបាលខេត្តប៉ៃលិន
២–ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន
៣–ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន និង៤–បញ្ហាផ្សេងៗ។
នាឱកាសនោះ កញ្ញា ជា ដាណែត នាយករដ្ឋបាលខេត្ត បានអានដីកា លេខ ០០២/២៣ ដក.តត និង ០០៣/២៣ ដក.តត ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការតែងតាំង និងប្រគល់ភារកិច្ច ជូនដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត មានរាយនាមដូចខាងក្រោម៖
១– លោក កើត ចំរើន អត្តលេខ ១៧៧២១០០១១៥ .ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ តែងតាំងឱ្យកាន់មុខតំណែងជានាយករង រដ្ឋបាលសាលាខេត្តប៉ៃលិន
២– លោក សុខ សាវុធ អត្តលេខ ១៧៨១០០០០០៥ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ តែងតាំងឱ្យកាន់មុខតំណែងជានាយករងរដ្ឋបាលសាលាខេត្តប៉ៃលិន
៣– លោក សំ សារ៉ត អត្តលេខ ១៧១១២០០៤០១ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាកលេខ៦ តែងតាំងឱ្យកាន់មុខតំណែងជានាយករងរដ្ឋបាលសាលាខេត្តប៉ៃលិន
៤– លោក ស៊ុន យី អត្តលេខ ១៧៣០៧០០៤១២ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ តែងតាំងឱ្យកាន់មុខតំណែងជានាយករងរដ្ឋបាលសាលាខេត្តប៉ៃលិន
៥– លោក ញ៉ូវ គង្គ អត្តលេខ ១៨៩២១០០០២២ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ២ តែងតាំងឱ្យកាន់មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តប៉ៃលិន
៦– លោក ទិត ធី អត្តលេខ ១៧៤០២០០២៩៤ ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៣ តែងតាំងឱ្យកាន់មុខតំណែងជានាយកទីចាត់ការអន្តរវិស័យសាលាខេត្តប៉ៃលិន និង
៧–ប្រគល់ភារកិច្ចលោក តឹក រតនា អត្តលេខ ១៨៧២៤០០០០៧ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាល នៃការិយាល័យ ប្រជាពលរដ្ឋខេត្តប៉ៃលិន ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង–ស្រុក, ឃុំ–សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយ ភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីរាជការ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ ត្រូវខិតខំបន្ថែមទៀត ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕