ឯកឧត្តម លេង វី ជម្រុញដល់អភិបាលរងខេត្តថ្មី ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ដើម្បីបានដឹងពីសុខទុក្ខរបស់ប្រជាជន និងត្រូវដោះស្រាយរាល់បញ្ហដែលកើតមានឲ្យបានទាន់ពេលវេលា
ខេត្តកណ្តាល៖ថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបអោយបានបញ្ហាគ្រឿងញៀន។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៖ បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឲ្យខេត្តមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។
ក្នុងនោះឯកឧត្តម លេង វី ក៏បានជម្រុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខរបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តឲ្យកាន់តែមនការអភិវឌ្ឍន៍ជាបន្តទៀតស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ទន្ទឹមនោះឯកឧត្តមក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឲ្យទទួលបានជោគជ័យថែមទៀត ។
បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួចមក ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តកណ្តាល ឯកឧត្តម នឹងខិតខំធ្វើការងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥៩ អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ដោយសម្រេចតែងតាំង ឯកឧត្តម ប្រាក់ សារ៉ាត មានឋានន្តរស័ក្កឧត្តមមន្ត្រី ថ្នាក់លេខ៥ ឲ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្កឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកណ្តាល អោយមកកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕