ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់អំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងនូវការកោតសរសើរបែបនេះក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយមានគម្រោងអភិវឌ្ឍន៍អាទិភាពសំខាន់ៗដែលសម្រេចបាន និងកំពុងអនុវត្តបន្ត រួមមាន៖ គម្រោងសាងសង់ផែកុងតឺន័រថ្មី ដំណាក់កាលទី១ របស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ ដែលកំពង់ផែនេះជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការនាំទំនិញចេញ–ចូល គម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មកម្ពុជា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ និងគម្រោងផ្សេងៗជាច្រើនទៀត។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន និងកំពុងធ្វើការអភិវឌ្ឍ ដូចជា៖ផ្លូវល្បឿនលឿន ភ្នំពេញ–ព្រះសីហនុ ដែលបានដាក់ដំណើរការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ,គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ–បាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៣, គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ–សៀមរាប និងការសិក្សាសមិទ្ធិលទ្ធភាព ,គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ–ប៉ោយប៉ែត ,គម្រោងសិក្សាសមិទ្ធិលទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ជាពិសេសលើវិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ដែលគម្រោងទាំងនោះ ក្រសួងធ្លាប់បានសិក្សាសមិទ្ធិលទ្ធភាពពីមុនរួចមកហើយ រួមមាន៖ ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលបន្តទាមទារនូវកិច្ចសហការ និងការវិនិយោគពីវិស័យឯកជន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យជប៉ុនជួយបន្តអភិវឌ្ឃ កសាងសមត្ថភាពធនធានមនុស្ស តាមរយៈការផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធ online ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់។ ហើយថ្មីៗនេះដែរ ជប៉ុនទើបនឹងបានផ្តល់ជាគ្រឿងចក្រ Stabilizer មកកាន់ក្រសួង ដើម្បីបម្រើការងារក្នុងវិស័យផ្លូវថ្នល់ លើសពីនេះជប៉ុនក៏បានផ្តល់ជំនួយចំពោះការសិក្សាគម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងផែនការយុទ្ធសាស្រ្តភាពជាដៃគូគ្រប់ជ្រុងជ្រោយផងដែរ៕