ព្រះមហាក្សត្រកម្ពុជា យាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
(សៀមរាប)៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹក ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ បានយាងព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។
ពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា បានធ្វើឡើងនៅខាងមុខប្រាសាងអង្គរវត្ត នៃខេត្តសៀមរាប ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលលើកទី១២ ឆ្នាំ២០២៣, សម្ដេចចៅហ៊្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។