ក្រុមក្មេងទំនើង ៣នាក់ ប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូ ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ ពាក់ព័ន្ធករណីក្រុមក្មេងទំនើងមានគ្នា ៤នាក់ ប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូ នៅម្ដុំកាស៊ីណូឆៃណាថោន ស្ថិតភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានចាត់ឲ្យកម្លាំងនគរបាលប្រចាំបញ្ជា ចុះជួយអន្តរាគមន៍ភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ខណៈដែរប្រជាពលរដ្ឋបានស្វាគមន៍ម្នាក់មួយដៃ មួយជើងបណ្តាលឲ្យមានស្នាមបែក ជាំជាច្រើនកន្លែង រួចនាំយកទៅប្រគល់ជូនកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្ត ។ក្រោយមកកម្លាំងនគរបាលក៏បន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ដែលបានរត់គេចខ្លួន។
អធិការក្រុងប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះមានឈ្មោះ ហ៊ន ណារ័ត្ន ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា នៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1Y-9877 ជូនមិត្តភក្កិប្រុស១នាក់ និងស្រី២នាក់ ពីអូរបីជាន់មកក្រុងប៉ោយប៉ែត លុះមកដល់ចំណុចខាងលើ ខ្លួនបានជិះវ៉ាម៉ូតូ២គ្រឿង ដែលមានគ្នា៤នាក់ ភ្លាមនោះចៃដន្យម៉ូតូរបស់ខ្លួនបានបែកកង់ ហើយអែបកៀន ក៏ស្រាប់តែជនមិនស្គាល់អត្តសញ្ញាណដែលជិះម៉ូតូខាងក្រោយ ប្រដាប់ដោយកាំបិតផ្គាក់ លើកឡើងបំរុងនិងកាប់មកលើពួកខ្លួន ដោយឃើញដូច្នោះពួកខ្លួនបានរត់ចោលម៉ូតូ ហើយម៉ូតូរបស់ខ្លួន ត្រូវបានពួកក្រុមទំនើងនោះជិះទៅទាំងបែកកង់។ ក្រោយមកក៏បានប្រទះឃើញម៉ូតូ ដែលជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ក្នុងចំណោម៤នាក់ កំពុងជិះនៅម្ដុំវត្តបាលិលេយ្យ ហើយពួកខ្លួនក៏ឃាត់ទុក ពេលនោះមានម្នាក់បានជិះម៉ូតូគេចខ្លួនបាត់ ហើយឲ្យម្នាក់ដែលរត់មិនរួចមឲ្យឆាតទៅរកគ្នាគេ ដើម្បីឲ្យមកជួប ភ្លាមនោះគ្នាគេក៏បានមកជួប រួចពួកខ្លួនឃាត់ទុករួចប្រគល់ជូនសមត្ថកិច្ចតែម្ដង។
ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបានរួមមាន៖
១–ឈ្មោះ រឿន ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ជាអ្នកកាន់កាំបិតផ្គាក់។
២–ឈ្មោះ អឿន សុភ័ណ ហៅខ្លា ស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលម្ដុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ជាម្ចាស់ម៉ូតូហុងដាវ៉េវ និងជាអ្នកឌុបឈ្មោះរឿន ទ្រី។
៣–ឈ្មោះ ឃឿត ថៃសាន ហៅត្រេន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជាអ្នកជិះម៉ូតូរបស់ជនរងគ្រោះ)។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ជា ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ ផ្ទះនៅខាងភ្នំសំពៅ ខេត្តបាត់ដំបង បានរត់គេចខ្លួនកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ ។ចំពោះជនសង្ស័យឈ្មោះរឿន ទ្រី និងឈ្មោះអឿន ផុន ហៅខ្លាស ត្រូវបានប្រជាពលរដ្ឋ បានវាយ ទាត់ បណ្ដាលអោយមានរបួសបែក និងជាំ។
អធិការក្រុងប៉ោយប៉ែតបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ជាមុខសញ្ញាកាប់យកម៉ូតូ អ្នកដ៏ទៃ និងឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កាំបិតផ្គាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បើម្បីចាត់ការបន្តតាមនិតិវិធី។ចំពោះម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់ដើមវិញ តាមការស្នើសុំ៕