ពិធីឆ្លងបុណ្យបញ្ចុះខ័ណ្ឌសីមា វត្តគិរីរុក្ខារាម ថ្មរមៀល ភ្នំដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖អស់រយៈពេល ៧ថ្ងៃ ៧យប់ នៅវត្តគិរីរុក្ខារាមថ្មរមៀល ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមារ នាថ្ងៃបង្ហើយនាថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៣ ត្រូវបានធ្វើពិធីកាត់ខ្សែបូរ ឆ្លងព្រះថ្មី ក្រោមអធិបតីភាពលោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនួបត្ថម ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ ព្រមទាំងឯកឧត្ដម សួន សុភាព និងលោកជំទាវ។
ព្រះអង្គ រ៉េន ស៊ីណាត ព្រះរាជាគណថ្នាក់កិត្តិយស និងជាទីប្រឹក្សាផ្ទាល់ព្រះមេគុណខេត្តបន្ទាយមានជ័យព្រះអង្គបានមានថេរដីកាថា តាមដែលយើងទាំងអស់គ្នាបាននិមន្តអញ្ជើញមកចូលរួមធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមានេះ ដែលជាបុណ្យធំជាងគេ មានភាពសប្បាយរីករាយ មានបងប្អូនញាតិញោមជិតឆ្ងាយ រួមធ្វើពិធីបុណ្យយ៉ាងច្រើនកុះករទៅអាស្រ័យដោយ ប្រទេសយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ព្រមទាំងបានស្ដារប្រទេសជាតិពីចំណុចសូន្យរហូតមានការរីកចម្រើនលើគ្រប់វិស័យ មានវិស័យពុទ្ធចក្រ និងអាណាចក្រ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារបានមួយកម្រិត។
ឯកឧត្តមស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ពិតមែនហើយរាជរដ្ឋាភិបាលរបស់យើង ត្រូវការវត្តមាននិងការចូលរួមទាំងស្មារតីសម្ភារៈនិងបញ្ញាណ ពីព្រះតេជគុណគ្រប់ព្រះអង្គ ឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងប្រជាជនទាំងអស់ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យក្លាយទៅជាសង្គមមួយដែលមានការអភិវឌ្ឍរីកចម្រើន គ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស រួមចំណែកធ្វើឲ្យសង្គមកម្ពុជាឲ្យអ្នកដែលជាសង្គមមួយដែលមានមូលធនសង្គម រឹងមាំ ពោលគឺជាសង្គមមួយដែលមានប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះមានសីលធម៌គុណធម៌ចរិយាធម៌សាមគ្គីធម៌ និងជាប្រទេសមួយដែលសម្បូររុងរឿងបន្តរនូវ អារ្យធម៌ដ៏ខ្ពង់ខ្ពស់ ត្រចះត្រចង់ប្រកបដោយសុខសន្តិភាពជានិរន្តរ៍៕