ឃាត់ខ្លួនបានហើយ បុរសម្នាក់ដែលគំរាមកំហែង បង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈ ទៅលើស្ត្រីវ័យ១៦ឆ្នាំ កើតឡើងនៅចំណុចភូមិឃ្មាស់ ឃុំតាផូ ស្រុកស្វាយចេកនោះ
(បន្ទាយមានជ័យ)៖ ករណីគំរាម កំហែង បង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈទៅលើស្ត្រីម្នាក់ឈ្មោះ យ.ន អាយុ១៦ឆ្នាំ ជនជាតិខ្មែរ កើតឡើងនៅចំណុចភូមិឃ្មាស់ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្ដាលសន្តិសុខ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ,ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។ក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាអោយបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាចំនួន ០១នាក់ ឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២០ ជនរងគ្រោះ បានស្គាល់ម្ចាស់គណនី Face Book ឈ្មោះ Hea Da នឹងបានទាក់ទងស្គាល់គ្នាព្រមទាំងបានលេងឆាតជាមួយគ្នាផងដែរ ។ បន្ទាប់មកម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមអោយជនរងគ្រោះថតវីដេអូរអាសអាភាស ផ្ញើរអោយខ្លួន ។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ម្ចាស់គណនីឈ្មោះHea Da បានគំរាមអោយជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើអោយខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ ។ នៅពេលនោះម្ចាស់គណនីឈ្មោះ Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា (បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ នឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង) ។ លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបានជនសង្ស័យខាងលើនាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕