សម្តេចតេជោ ហ៊ុន សែន អំពាវនាវគ្រប់ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ សូមកុំឱ្យប្រពន្ធ-កូន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ដែលជាកិច្ចការមួយត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីប្រសិទ្ធភាពការងារ និងបញ្ចៀសការរិះគន់ថា«កុំឱ្យប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥»
(ភ្នំពេញ)៖មានប្រសាសន៍សំណេះសំណាល ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កាលពីមុនកម្ពុជាហ្វឹកហាត់យុវជនឱ្យចេះធ្វើច្បាំង ដោយបានបញ្ជូនទៅហ្វឹកហាត់នៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្ដែពេលនេះប្រទេសកម្ពុជាមានសុខសន្ដិភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ហ្វឹកហាត់ និងបណ្ដុះបណ្ដាលយុវជនលើចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យយុវជនចូលរួមក្នុងការកសាងជាតិមាតុភូមិ អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
សម្តេចតេជោ មានប្រសាសន៍បន្តថា នៅពេលខាងមុខ រាជរដ្ឋាភិបាល នឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន សិស្ស និស្សិតក្រីក្រប្រមាណជា១,៥ លាននាក់ ហើយការបណ្ដុះបណ្ដាលនេះ រាជរដ្ឋាភិបាលជាអ្នកឧបត្ថម្ភថវិកាតែម្ដង។ រដ្ឋាភិបាលនឹងជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ដែលកំពុងមានតម្រូវការធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈជាច្រើន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា អ្វីៗដែលកើតឡើងតាំងពីជាង៤០ឆ្នាំមុនរហូតមកដល់ពេលនេះ គឺមិនត្រូវឱ្យបាត់បង់ទេ ជាពិសេសសាលារៀន គឺមិនត្រូវឱ្យបាត់បង់ជាដាច់ខាត ពីព្រោះសាលារៀនជាមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដូច្នេះត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជាតទៅមុខទៀត។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានបញ្ជាក់ផងដែរអំពីបញ្ហាសេដ្ឋកិច្ចកំពុងប្រកាសអាសន្ន ប៉ុន្ដែការប្រកាសអាសន្ននេះ សម្ដេចបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ មិនត្រូវនាំគ្នាទៅដកប្រាក់ពីធនាគារនោះទេ ដែលជាសកម្មភាពមួយធ្វើឱ្យងាប់សេដ្ឋកិច្ច និងដួលរលំធនាគារខ្លួនឯងទៅវិញទេ។សម្ដេចបញ្ជាក់ថា ការប្រកាសពីវិបត្តិសេដ្ឋកិច្ចនេះ ក៏ជាកត្តាចិត្តសាស្រ្ដផ្នែកសេដ្ឋកិច្ចសកលមួយដែរ ដូច្នេះប្រទេសកម្ពុជាមិនទាន់ដល់កម្រិតដែលពលរដ្ឋត្រូវភិតភ័យលើបញ្ហានេះនោះទេ។
ទន្ទឹមនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវគ្រប់ស្ថាប័នទាំងអស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ សូមកុំឱ្យប្រពន្ធ–កូន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ដែលជាកិច្ចការមួយត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីប្រសិទ្ធភាពការងារ និងបញ្ចៀសការរិះគន់ថា «កុំឱ្យប្តីស័ក្តិ៣ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥»៕