សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យលកន្ត្រាក់ នៅស្រុកស្វាយលើ
ខេត្តសៀមរាប៖ដោយមើលឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបគ្រោះថ្នាក់ផ្សេងៗ ពិសេសគ្រោះធម្មជាតិតែម្តង កាកបាទក្រហមកម្ពុជា តែងតែនៅជិតប្រជាពលរដ្ឋជានិច្ច ជាក់ស្តែងដូចជា ករណីប្រជាពលរដ្ឋរស់នៅឃុំកន្ទួត ស្រុកស្វាយលើចំនួន ៥១គ្រួសារ ជួបគ្រោះមហន្តរាដោយខ្យលកន្ត្រាក់ បណ្តាលឲ្យរលំផ្ទះចំនួន ១១ខ្នង និងរបើកដំបូល ៤០ខ្នង នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូននៅវត្តអូរតាកុក។
នាឱកាសនោះលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ក្នុងនោះលោកក៏បានសម្តែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។លោកបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា–មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖
១/គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនម៉ឺនរៀល។
២/គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល ។ជាមួយគ្នានោះដែររដ្ឋបាលឃុំកន្ទួត ក៏បានឧបត្ថម្ភបន្ថែមចំនួន៨ម៉ឺនរៀលក្នុង១គ្រួសារផងដែរ៕