អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ស្នើសុំឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី ជួយសម្របសម្រួលដោះលែងពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រាយាល ក្នុងស្រុកស្នួល ចំនួន៤នាក់ដែលត្រូវអាជ្ញាធរចាប់ឃាត់ខ្លួនរឿងទំនាស់ដីធ្លី អោយមានសេរីភាពវិញ
(ខេត្តក្រចេះ)៖ក្រោពីទទួលបានព័ត៌មានថា ប្រជាពលរដ្ឋ រស់នៅតំបន់ដាច់ស្រយាល ចំណុចអូរនិមិត្ត ស្ថិតនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលបានអះអាងថា ពួកខ្លួនកំពុងរងភាពអយុត្តិធម៌ដោយក្រោមការគាបសង្កត់ពីសំណាក់អាជ្ញាធរមូលដ្ឋាន រឿងទំនាស់ដីធ្លី រហូតមានការឃាត់ខ្លួនមនុស្សចំនួន៤នាក់ផងនោះ នៅវេលាល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ អមដំណើរដោយឯកឧត្តមទីប្រឹក្សា និងសហការី បានចុះទៅដល់គោលដៅ ដើម្បីធ្វើការសាកសួរ។
ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយលាយឡំ និងទឹកភ្នែក ចំពោះវត្តមាន ប្រជានុរាស្ត្រក្មេង ចាស់ ប្រុស ស្រី បានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយបានសំណេះណាលសាកសួរសុខទុក្ខអំពីជីវភាពរស់នៅ និងការប្រកបរបរអាជីវកម្ម របស់បងប្អូនប្រជានុរាស្ត្រ នៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងការអាណិតអាសូរជាទីផុត ។ដោយសារស្ថានភាពផ្លូវធ្វើតំណើរទៅកាន់តំបន់នោះ មានការលំបាកខ្លាំង ទើបបណ្តាលអោយការជួបជុំសំណេះសំណាល ត្រូវបន្តរហូតដល់យប់ដែលបង្ខំអោយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងសហការីត្រូវសម្រាកនៅទីនោះពេញមួយយប់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គ ។
យោងតាមការទូលថ្វាយពីប្រជានុរាស្ត្រនៅតំបន់នោះ បានរៀបរាប់ថា ពួកគាត់ទាំង២២០គ្រួសារមានជីវភាពខ្វះខាត និងលំបាកខ្លាំងណាស់ ដោយសារតែដីធ្លី ដែលពួកគាត់កំពុងអាស្រ័យផលជាតំបន់ដាច់ស្រយ៉ាល ខែប្រាំងខ្វះទឹកប្រើប្រាស់ ដល់ខែវស្សារមិនអាចបង្ករបង្កើនផលបានទៀត ព្រោះអាជ្ញាធរតែងតែមកកាប់បំផ្លាញ់ផលដំណាំរបស់ពួកខ្លួន និងធ្វើទុក្ខបុកម្នេញឥតឈប់ឈរ។ហើយប្រជាពលរដ្ឋមានចម្ងល់ថា ហេតុអ្វីអាជ្ញាធរមកធ្វើបាបពួកគាត់ដែលរស់នៅលើទឹកដីខេត្តក្រចេះទៅវិញ ជាងនេះទៅទៀតអាជ្ញាធរខេត្តមណ្ឌលគិរីបានចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងតំបន់នោះចំនួនបួននាក់ ដោយក្នុងនោះមានក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ផងដែរ ។ហេតុដូចនេះអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ក៏សូមអស់លោកអាជ្ញាធរ មេត្តាដោះលែងពួកគាត់អោយមានសេរីភាពវិញផង ស្តាប់ហើយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ពិតជាក្តុកក្តួលអួលណែនខ្លាំងណាស់ ក្នុងនាម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ផ្ទាល់ អ្នកអង្គ សូមសំណូមពរដល់ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី សូមឯកឧត្ដមមេត្តាជួយសម្របសម្រួលដោះលែងពួកគាត់ទាំង៤រូប អោយមានសេរីភាពវិញផង ក្រោមម្លប់ដំបូលសន្តិភាពតែមួយមិនគួរណារាស្ត្រត្រូវស្រក់ទឹកភ្នែកដោយភាពអយុត្តិធម៌ឡើយ។ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះដែរអង្គភាពយើងមិនទាន់សុំការពន្យល់ណាមួយពីអាជ្ញាធពាក់ព័ន្ធបាននូវឡើយទេរហូតដល់ពេលនេះ តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបកស្រាយរាល់ម៉ោងធ្វើការ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ មានបីតិសោមនស្សរីករាយពន់ពេកចំពោះការទទួលបដិសណ្ឋារកិច្ច ប្រកបដោយក្តីរីករាយ លាយឡំដោយទឹកភ្នែក និង សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានជូនថវិកា៤០ម៉ឺនរៀលដល់គ្រួសារអ្នកជាប់ឃុំទាំង៤រូបដោយក្នុងមួយគ្រួសារៗទទួលបាន១០ម៉ឺនរៀល។ប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រក្រីក្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តរងទុក្ខ និងខ្វះខាតបន្ថែមទៀត។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់មន្ត្រីទាំងអស់អោយស៊ូលំបាកដើរជូតទឹកភ្នែករាស្ត្រ កុំទ្រាំលំបាកហែលទឹកភ្នែករាស្ត្រ និងសូមបងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ៕