ឯកឧត្តមបណ្ឌិត លី សាម៉េត ៖ សម្តេចតេជោ គឺជាទេវតារស់ នាពេលបច្ចុប្បន្ន ដែលជួយឲ្យប្រជាជនកម្ពុជា រស់នៅក្នុងប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍
(ភ្នំពេញ) ៖ថ្លែងក្នុងពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជា ចល័យតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិកបក្សថ្មី ការសំណេះសំណាលជាមួយសមាជិកបក្ស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ គឺជាទេវតារស់នាពេលបច្ចុប្បន្ន ដែលបានជួយសង្រ្គោះប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ឲ្យរស់នៅក្រោមសុខសន្តិភាព និងមានការអភិវឌ្ឍន៍។
ឯកឧត្តមបញ្ជាក់ទៀតថា សុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា គឺសម្តេចបានយកជីវិតទៅប្តូរ។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព ដើម្បីឲ្យប្រទេសកម្ពុជា បន្តការអភិវឌ្ឍរីកចម្រើនជាបន្តថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី បានមានប្រសាសន៍ស្វាគមន៍ចំពោះសមាជិកថ្មី ដែលបានសម្រេចចិត្តចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំ និងមានសមត្ថភាព និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរឯកឧត្តម ដួង តារា ក៏បានធ្វើការណែនាំដល់សមាជិកគណបក្សប្រជាជកម្ពុជា ត្រូវត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោត នៅខែកក្កដាខាងមុខ និងគួរណែនាំអ្នកមិនទាន់សម្រេចចិត្ត ចូលគណបក្សនយោបាយណានោះ សូមចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនោះ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា មានសមាជិក នៅទូទាំងរាជធានីភ្នំពេញ ជាង៧០ម៉ឺននាក់ និងជាង៦លាននាក់ នៅទូទាំងប្រទេស។
លោកបន្តថា ការចូលរួមជាសមាជិក របស់គណបក្សនយោបាយណាមួយនោះ ត្រូវស្វែងយល់ឲ្យបានច្បាស់ ពីប្រវត្តិរបស់គណបក្ស គោលនយោបាយ មេដឹកនាំ ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់របស់គណបក្ស នេះទើបជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់ខ្លួនឯងផ្ទាល់ និងប្រទេសជាតិ៕