ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ជាង៤០០ខ្នង នៅស្រុកស្វាយចេក
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក ណក់ នា ជំនួយការសេនាធិការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកងកម្លាំងចម្រុះ ផ្នែកសឹករងស្រុកស្វាយចេក នគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៧:៣០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រក្សាទុកដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា និងប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជា បេក្ខភាព នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា នាពេលអនាគត៕