ពលករខ្មែររាប់ពាន់នាក់សម្រុកចេញទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បណ្តាលឲ្យជាប់គាំង នៅកន្លែងបំពេញបែបបទក្នុងទឹកដីថៃ អាជ្ញាធរកម្ពុជា ចុះជួយសម្របសម្រួល
(បន្ទាយមានជ័យ)៖អាជ្ញាធរកម្ពុជា បានចុះជួយសម្របសម្រួល សម្រាប់ការបំពេញបែបបទដល់ពលករខ្មែរ ដែលកំពុងជាប់គាំងនៅកន្លែងបំពេញបែបបទក្នុងទឹកដីថៃ បានធូរស្បើយហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ខណៈដែលពលករខ្មែររាប់ពាន់នាក់បានសម្រុកចូលមកកម្ពុជា ដើម្បីទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនាពេលខាងមុខនេះ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានថា៖ក្រោយទទួលព័ត៌មានប្រជាពលរដ្ឋខ្មែរជាពលករ ដែលសម្រុកចូលមកកម្ពុជាតាមច្រកខ្លងឡឹក ប្រទេសថៃ ប្រឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្តាលជាប់គាំងរងចាំបំពេញបែបបទ(RE-ENTRYPERMI) ដែលសមត្ថកិច្ចភាគីថៃបំពេញមិនទាន់ព្រោះពលករខ្មែរសម្រុកចូលមកកម្ពុជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរ ដើម្បីមកជួបជុំគ្រួសារនៅពេលកន្លែងធ្វើត្រូវបានសម្រាកការងារ។
លោកបានបញ្ជាក់ថា៖នៅពេលប្រជាពលរដ្ឋខ្មែរ ជាពលករដែលជាប់គាំងក្នុងទឹកដីថៃច្រើននោះ អាជ្ញាធរក្រុងប៉ោយប៉ែត និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារ សហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ប្រទេសថៃបានជួបសម្របសម្រួលជាមួយអាជ្ញាធរ និងសមត្ថកិច្ចភាគីថៃ បានបន្ថែមកន្លែងបំពេញបែបបទនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃ នៅចំណុចស្រុកអារ័ញ្ញប្រថេត ដោយមានរថយន្ត៤ទៅ៥គ្រឿងសម្រាប់ដឹកពលករខ្មែរ ទៅបំពេញបែបបទនៅស្ថានអគ្គកុងស៊ុលកម្ពុជា នៅស្រុកអារ័ញ្ញរួចហើយ ដឹកមកវិញច្រកខ្លងឡឹក ដើម្បីបំពេញបែបបទបានលឿនកុំអោយមានកកស្ទៈ។
លោក នេត សារី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ប្រទេសថៃបានប្រាប់ថា៖ក្រោយមានការសម្របសម្រួលកន្លែងបំពេញបែបបទជូនប្រជាពលរដ្ឋកម្ពុជា ដែលជាពលករខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរ ក្នុង១ថ្ងៃមិនតិចជាង១ម៉ឺននាក់រយៈពេល៣ថ្ងៃមកហើយ ដែលត្រឡប់ចូលមកកម្ពុជាតាមច្រកខ្លងឡឹកស្រុកអារ័ញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ ដែលឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ពេលនេះបានធូរស្រាលខ្លៈហើយដោយកន្លែងបំពេញបែបបទមាន២កន្លែងមាន១.ច្រកខ្លងឡឹកជាប់ព្រំដែន ២.នៅស្ថាអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវប្រទេសថៃ៕