សម្ពោធឆ្លងវិមានរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត និងរូបសំណាកព្រះបាទជ័យវរ័្មនទី៧ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តបុទុមសុវណ្ណរាម(តាគង់)
ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីសម្ពោធឆ្លងវិមានរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត និងរូបសំណាកព្រះបាទជ័យវរ័្មនទី៧ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តបុទុមសុវណ្ណរាម(តាគង់) ស្ថិតក្នុងភូមិតាគង់ ឃុំតាគង់ ស្រុមម៉ាឡៃ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា បើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺគ្មានព្រះពុទ្ធសាសនា ហើយអំពើហិង្សា និងវិនាសកម្មប្រាកដជាកើតមានជាពុំខាននោះឡើយ ហើយសប្បុរសជនទាំងអស់ក៏មិនអាចធ្វើបុណ្យទានបានឡើយ។
ជាមួយគ្នានោះដែរលោក បៀវ ថាន ក៏បានសម្ដែងនូវការកោតសរសើរនិងអគុណចំពោះប្រជាពុទ្ធបរិស័ទឬសប្បុរសជនក្នុងនិងក្រៅប្រទេស ដែលបានមូលមតិគ្នាជាធ្លុងមួយ ដើម្បីកសាងនូវសមិទ្ធផលនានា នៅក្នុងវត្តដោយសទ្ធាជ្រះថ្លា ទាំងនេះដែលបង្ហាញពីការចូលរួមលើកស្ទួយព្រះពុទ្ធសាសនា យ៉ាងពិតប្រាកដ។
ថ្លែងនៅក្នុងឱកាសនោះ លោកសុខ ពេញណន អភិបាលរងស្រុក បានលើកឡើងផងដែរថា អ្វីដែលយើងមិនអាចបំភ្លេចបាន នាសម័យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបអប្រិយ ពេលនោះព្រះពុទ្ធសាសនានៅកម្ពុជា ត្រូវបានរលាយសាបសូន្យ ធ្វើឲ្យសង្គមជាតិខ្មែរ ធ្លាក់ក្នុងរណ្ដៅនៃនរកលោកិយ ទឹកដីទាំងមូល គ្របដណ្ដប់ដោយភ្នំឆ្អឹង ស្ទឹងលោហិត និងសមុទ្រទឹកភ្នែក ក្រោមការកាប់សម្លាប់ប្រហារដោយគ្មានក្ដីមេត្តា ពីពួកទមិឡទុរយស ប៉ុល ពត។អំពើដ៏ព្រៃផ្សៃទាំងនេះ បានសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា៖ បើគ្មានថ្ងៃ៧មករា គ្មានព្រះពុទ្ធសាសនា នោះអំពើហិង្សា និងវិនាសកម្ម ប្រាកដជាបន្តកើតមានជាក់ជាមិនខានឡើយ។
ទាំងនេះហើយ ទើបរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដាក់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើម មានជំនឿជឿជាក់និងគោរពបូជាយ៉ាងខ្ជាប់ខ្ជួនចំពោះព្រះពុទ្ធសាសនា ដោយលោកបានរំដោះប្រទេសជាតិអោយគេចផុតពីរបបកាប់សំលាប់ដ៏សាហាវយ៉ុងឃ្នង ព្រមទាំងបានកសាងសមិទ្ធផល ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រយ៉ាងច្រើនគ្រប់ទីកន្លែងទូទាំងប្រទេស៕