សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ជិះម៉ូតូឈប់កន្លែងងងឹត និងកាន់កាំបិតផ្គាក់ដេញកាប់បុរសម្នាក់ រត់ដោះស្បែកជើងចោលគេចខ្លួន នៅខណ្ឌចំការមន
(ភ្នំពេញ)៖បុរសម្នាក់ដោះស្បែកជើងចោលរត់គេចខ្លួន ឆ្លងផ្លូវទាំងភ័យស្លន់ស្លោ ហើយត្រូវម៉ូតូមិនចាំម៉ាកមួយគ្រឿងបុកទៀត បណ្ដាលឲ្យដួលរបួសរលាត់ដៃជើងបង្កការភ្ញាក់ផ្អើល ក្រោយពីបុរសម្នាក់សង្ស័យថា ប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានជិះម៉ូតូមកឈប់កន្លែងងងឹត និងកាន់កាំបិតផ្គាក់ដេញកាប់ កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចជិតព្រះវិហារយេស៊ូគ្រិស្ត តាមផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើត គេបានឃើញបុរសជាជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1R–6349 បានមកឈប់ក្រោមដើមឈើធំមួយ មានសភាពងងឹតនិងស្ងាត់ដែលជាចំណុចកើតហេតុដោយមិនដឹងថា អង្គុយរង់ចាំអ្នកណានោះទេ ។ លុះពេលគាត់ចេញមកអង្គុយលេងលើម៉ូតូខាងមុខផ្ទះ ស្រាប់តែបុរសរូបនោះ មានកាន់កាំបិតផ្គាក់ជាប់ដៃ ហើយរត់សំដៅមករករូបខ្លួនតែម្ដង ធ្វើឲ្យរូបខ្លួនដោះស្បែកជើងចោលរត់គេចខ្លួនឆ្លងផ្លូវ ដោយមិនបានមើលឆ្វេងស្ដាំ ព្រោះកំពុងភ័យស្លន់ស្លោ ក៏ត្រូវម៉ូតូមិនចាំម៉ាកមួយគ្រឿង ជិះមកបុកត្រូវ បណ្ដាលឲ្យដួលរបួសរលាត់ដៃជើង ហើយម៉ូតូក៏ជិះទៅបាត់ ទើបគាត់ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកជួយចាប់ឃាត់ខ្លួនបុរសខាងលើបាន រួចទាក់ទងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ចុះទៅកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យមើលឆែកឆេរបុរសសង្ស័យរូបនោះ រកឃើញកាំបិតផ្គាក់ចំនួន ០១ដើម, កាំបិតប៉័ងតោចំនួន ០១ដើម, និងសម្ភារៈមួយចំនួនទៀត រួចនាំយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់តែម្តង។
ជនសង្ស័យរូបនេះ សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត(មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ) កំពុងឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីសាកសួរ និងចាត់ការបន្តតាមជំនាញ ៕