មន្ត្រីស្ថាប័នពាក់ព័ន្ធសហការគ្នា ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍
(បន្ទាយមានជ័យ)៖ដើម្បីសុខសុវត្ថិភាព ក្នុងងការធ្វើដំណើរនិងការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់បងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ពិសេសការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ខាងមុខនេះ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាធារណការខេត្ត មន្ត្រីនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០២៣ បានធ្វើការចុះយុទ្ធនាការជំនួយស្មារតីស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើការចុះអប់រំប្រកាសសំខាន់សំខាន់ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ ៥៦A បេនឡានក្រុង សិរីសោភ័ណ ផ្សារសិរីសោភ័ណ។ក្នុងនោះផងដែរក្រុមមន្ត្រីយើងបានធ្វើការចែកជូននូវឯកសារមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ផ្ដោតសំខាន់ទៅច្បាប់ចរាចរណ៍ផ្លូវគោកបើកបរត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។
លោក ពុទ្ធ ញ្ញាណដារិន្ទ ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការនិងដឹកជញ្ជូននិងលោកស្រី សុខ លាភា អនុប្រធានប្រតិបត្តិសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានលើកឡើងយ៉ាងថា ក្រុមយុវជនកាកបាទក្រហមតែងតែចុះអប់រំផ្សព្វផ្សាយស្ដីពីចរាចរណ៍ផ្លូវគោកជារឿយៗក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការកាត់បន្ថយមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងកំឡុងនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងធ្វើតាមដងផ្លូវសាធារណៈត្រូវតែគោរពច្បាប់ចរាចរណ៍បានបើមានសមត្ថភាពដូចទិសស្លោកមួយបានចែងថាថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕