ចាប់រំលោភកូនស្រីបង្កើត ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ(ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៥–០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ទឹម សាមឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្តថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ ទឹម តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ត្រូវជាអ៊ុំបង្កើតជនរងគ្រោះឈ្មោះ ឌ.ស.ល ភេទស្រី អាយុ១១ឆ្នាំ ត្រូវឪពុកបង្កើតចាប់រំលោភតាំងពីកូនអាយុ០៩ឆ្នាំ រហូតដល់លើកចុងក្រោយរំលោភនៅថ្ងៃទី០៥-០៦ ខែមេសា ។បើតាមសំដីជនរងគ្រោះ បានបង្ហើបប្រាប់យាយនិងអ៊ុំ កាលពីថ្ងៃទី១០ ខែមេសា ថា កាលដែលទៅលេងផ្ទះយាយនៅខេត្តពោធិ៍សាត់ ហើយខ្លួនយំស្រែកមិនព្រមត្រឡប់មកផ្ទះវិញ ព្រោះខ្លាចឪពុកបង្កើតធ្វើបាបទៀត(រំលោភ) ។ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជងសង្ស័យជាឪពុក មកកាន់មូលដ្ឋានកងរាជអាវុធក្រុង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានបដិសេធពុំព្រមទទួលស្គាល់កំហុស ដែលកូនស្រីចោទថា នាំនាងទៅមុជទឹក រួចធ្វើសកម្មភាពចាប់រំលោភរូបនាងនៅបន្ទប់ទឹក។ បន្ទាប់ពីសួចម្លើយរួច ជនសង្ស័យ ត្រូវបានបញ្ជូនបន្តមកកាន់កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕