កិច្ចប្រជុំផ្សព្វផ្សាយជូនដំណឹង គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តទី៧ ឆ្នាំ២០២៣
(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីសេចក្ដីជូនដំណឹងទៅដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ ឆ្នាំ២០២៣ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត ។នៅក្នុងកិច្ចប្រជុំនេះផងដែរបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។
លោក យ៉ង់ សក្កិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹងទៅដល់គណបក្សនយោបាយអង្គការមិនមែនរដ្ឋាភិបាលនិងមន្ត្រីពាក់ព័ន្ធនាពេលនេះមាន ៥ចំណុចសំខាន់សំខាន់រួមមាន៖
១–សេចក្ដីជូនដំណឹងលេខ 013របស់ គ.ជ.ប ស្ដីពីការចុះបញ្ជីគណបក្សនយោបាយ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ។
២–សេចក្ដីជូនដំណឹងលេខ014របស់ គ.ជ.ប ស្ដីពីការដាក់និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិអន្តរជាតិ។
៣–សេចក្ដីជូនដំណឹងលេខ027 គ.ជ.ប ស្ដីពីការរៀបចំបែបបទសម្រាប់ការចុះឈ្មោះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបេក្ខជនឈរឈ្មោះ។
៤–សេចក្ដីជូនដំណឹងលេខ030 របស់ គ ជ ប ស្ដីពីការដាក់ពាក្យសុំច្បាប់ឈប់ពិសេសសម្រាប់ឯកជនឲ្យឈ្មោះ និងចំណុចចុងក្រោយពីការផ្សព្វផ្សាយលិខិតលេខ895 ។
៥–សេចក្ដីជូនដំណឹងស្ដីពីការបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះព្រមទាំងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
លោក យឹម សំណាង អភិបាលរងខេត្ត បន្តថា ការផ្សព្វផ្សាយជូនដំណឹងទាំងអស់ខាងលើ សុំឲ្យមន្ត្រីគណបក្សនយោបាយអង្គការមិនមែនរដ្ឋាភិបាលនិងមន្ត្រីពាក់ព័ន្ធទាំងអស់ទាំងការពន្លឿននៃការចុះបញ្ជីឈ្មោះគណបក្សមានការដាក់បញ្ជីបេក្ខជនឈរឈ្មោះនិងការចុះឈ្មោះភ្នាក់ងារសង្កេតការណ៍។
លោក យឹម សំណាង បញ្ជាក់ថា គណបក្សនយោបាយទាំងអស់ដែលបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ធ្វើការជ្រើសតាំងតំណាង ជាតិនីតិកាលទី៧ ឆ្នាំ២០២៣ សុទ្ធសឹងតែជាខ្មែរដូចគ្នា តែនិន្នាការនយោបាយខុសគ្នាដូចនេះមានន័យថាខ្មែរស្រឡាញ់ខ្មែរ មិនយកខ្មែរណាមួយជាសត្រូវមានអំពើហិង្សាគ្មានការជេរប្រមាថ៕