ឯកឧត្តម ស៊ូម សារឿន ដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ ត្រឡប់មកពីប្រទេសជប៉ុនវិញប្រកបដោយសុវត្ថិភាព
(ភ្នំពេញ)៖ក្រោយពីដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ របស់គណៈប្រតិភូសមាគមរាជសីហ៍ ដឹកនាំដោយ ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានសមាគមរាជសីហ៍ នាយប់ថ្ងៃអង្គារ ១៣ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប្រធានសមាគមរាជសីហ៍ បានដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ ធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសកម្ពុជាវិញប្រកបដោយជោគជ័យ និងសុវត្ថិភាព។ដោយមានការទទួលស្វាគមន៍ពី ឯកឧត្តម គន្ធ រិទ្ធី ប្រធានស្តីទី និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ ក្រោមបរិយាកាសប្រកបដោយភារតភាពក្រៃលែង ។
នាឱកាសនោះឯកឧត្តម ប្រធានសមាគមរាជសីហ៍ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានចំណាយពេលវេលាមកទទួលស្វាគមន៍ដល់គណៈប្រតិភូដែលទើបត្រឡប់មកពីបំពេញទស្សនកិច្ច និងបានជម្រាបជូនអំពីជោគជ័យដ៏ត្រចះត្រចង់ ដែលសម្រេចបានក្នុងដំណើរបេសកកម្មនេះ រួមមាន :
– ការសំណេះសំណាលសួរសុខទុក្ខពលករ ពលការិនី និងនិស្សិត ដែលកំពុងបំពេញការងារ និងសិក្សានៅតាមរោងចក្រ
– ការប្រកាសតែងតាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាប្រទេសជប៉ុន
– ការចូលរួមក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងយូគី ដោយមានការចូលរួមពី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អភិបាលក្រុងយូគី និងបងប្អូនប្រជាពលរដ្ឋកម្ពុជា មកពីគ្រប់តំបន់នៃប្រទេសជប៉ុន ចំនួនជិត ៥០០០នាក់ ប្រកបដោយទឹកមុខសប្បាយរីករាយឥតឧបមា ក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍប្រទេស៕