ប្រកាសចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។ ពិធីនេះបានធ្វើឡើងនៅសាលាក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោក ស្រី អភិបាលរងក្រុង ចៅសង្កាត់ សមាជិក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិលផងដែរ។
តាមអនុក្រឹត្យលេខ ៣៧៧ ស្តីពីការតែង តាំងមន្ត្រីរាជការ សម្រេចតែងតាំង លោក គាត ហ៊ុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ លេខ៤ ជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។ បន្ទាប់ពីការបេ្តជ្ញាចិត្ត របស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលបាលក្រុងប៉ោយប៉ែត និងអានរបាយការណ៍ សំខាន់ៗ ការងារ អភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន រួចមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការអបអរសាទរការចូលកាន់មុខ តំណែងជាអភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត នាពេលនេះ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបន្តថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ក្រោមការដឹកនាំរបស់ គណៈបញ្ជាការឯកភាពក្រុង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយផ្អែកតាមលក្ខណ:សម្បត្តិ និងបទពិសាធនល្អៗ របស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដោយមានការឯកភាព ពីថ្នាក់ដឹកនាំ ក៏ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាល បានសម្រេចតែងតាំង លោក គាត ហ៊ុល ជាអភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណិត្តិទី២ ក្នុងដែនសមត្ថិកិច្ចដដែល ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់លោកអភិបាលក្រុង ត្រូវខិតខំបំពេញការងារប្រកប ដោយសមត្ថភាព មនសិកា និងបន្តអនុវត្តន៍ការងារ កាន់តែល្អប្រសើរឡើង ៕