សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ
(ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះកម្ពុជា ក្នុងឆ្នាំ២០២០–២០២១ កំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរម្តេចក្តី តែកម្ពុជាមិនបញ្ឈប់ដំណើរការ នៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនោះទេ ក្នុងនោះរួមមាន៖ ផ្លូវជាច្រើនខ្សែនៅព្រះសីហនុ, ខេត្តសៀមរាប និងអគារមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានរំលឹកពីវីរភាពរបស់កងទ័ពការពារបូរណភាពទឹកដី និងក្រុមគ្រូពេទ្យការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីជាតិ និងប្រជាជន និងអំពាវនាវសូមកុំឱ្យមានការរិះគន់ វាយប្រហារចំពោះកំហុសតិចតួចរបស់គ្រូពេទ្យ។ ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារ។ សម្ដេចតេជោ បានមានប្រសាសន៍រំលឹកថា កាលពី៤៨ ឆ្នាំមុន ប្រជាពលរដ្ឋកំពុងតែឃ្លាតចាកឆ្ងាយចេញពីគ្រួសារពីរាជធានីភ្នំពេញ ដោយសារតែសង្រ្គាម ប៉ុន្ដែ៤៨ឆ្នាំក្រោយនេះ ប្រជាពលរដ្ឋកំពុងតែរីករាយជាមួយសន្ដិភាព សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី រហូតដល់ជាង ១៣លាននាក់នៅទូទាំងប្រទេស។
នាឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ ការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ជាមួយគ្នានោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ ដោយសម្តេចបញ្ជាក់ថា បើមន្រ្ដីមិនចេះប្រើស្មាតហ្វូន មិនចេះប្រើសារតាមបណ្ដាញសង្គមផ្សេងៗ គឺមិនត្រូវបានតែងតាំងឡើយ។ទន្ទឹមនោះសម្ដេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់គ្នា ខណៈនៅសល់តែ១៥ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្តេចតេជោ ក៏បានបន្តអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ដងផ្លូវធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពច្បាប់ចរាចរណ៍៕