សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ នាំយកអំណោយ និងថវិកាចែកជូនគ្រួសារដែលមានជំងឺប្រចាំកាយ ចំនួន៣គ្រួសារ នៅសង្កាត់ព្រះពន្លា
(បន្ទាយមានជ័យ)៖លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្រុមការងារស្រ្តី នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បាននាំយកគ្រឿងឧបភោគបរិភាគ និងថវិកាមួយចំនួន ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត មានជំងឺប្រចាំកាយ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងចាស់ជរាកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ សរុបចំនួន៣គ្រួសារ។
មានប្រសាសន៍នាឱកាសនោះលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ ហេមចិន្តា អគ្គមហាឧបាសិកាពុទ្ធសាន៍នូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តជូនចំពោះបងប្អូនស្ត្រីដែលក្ដីនឹករលឹក។
ជាមួយគ្នានោះលោកជំទាវក៏បានមានប្រសាសន៍ថា មើលឃើញអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងដោយការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោកជំទាវបានដឹកនាំក្រុមការងារដោយផ្ទាល់ ដើម្បីនាំយកនូវអំណោយ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់គ្រួសារស្រី្ត វ័យ៤៧ឆ្នាំម្នាក់ដែលមានជំងឺមហារីកស្បូនសម្រាកនៅផ្ទះភូមិចកសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលមានជីវភាពខ្វះខាត គ្មានលទ្ធភាពព្យាបាលលោកជំទាវ ជ័យ ណារី រួមនឹងក្រមការងារ បានផ្តល់ជូនអង្ករ២៥គីឡូក្រាម រួមមានគ្រឿងឧបភោគបរិភាគ សម្ភារៈ មួយចំនួន រួមនឹងថវិកាសមាគម និងក្រុមការងារចំនួន១លាន២សែនរៀលផងដែរ។
ជាមួយគ្នានោះលោកជំទាវ រួមនឹងក្រុមការងារ ក៏បានបន្តសួរសុខទុកបងប្រុសបង្កើតលោកជំទាវ ជ័យ ណារី និងលោកអុំ សោម យ៉ាត អាយុ៦៦ឆ្នាំ មានដុះសាច់ក្នុងពោះវៀនធំ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ដោយក្នុងម្នាក់ ទទួលបានថវិកា៥៧ម៉ឺនរៀលផងដែរ៕