សាលាដំបូងខេត្តបន្ទាយមានជ័យ ចុះអនុវត្តសាលក្រមស្ថាពលើផ្ទះប្រជាពលរដ្ឋ នៅភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ប្រជាពលរដ្ឋរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានវិវាទរឿងដីធ្លីចំនួន១៣គ្រួសារ បានប្រត្តិកម្ម និងលើកគ្នាហាមឃាត់លើការចុះអនុវត្តសាលក្រមស្ថាពរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ខណៈដែលកម្លាំងដាក់គ្រឿងចក្ររុះរើ វាយកម្ទេច។តែទោះជាមានការរារាំងហាមឃាត់មិនឲ្យរុះរើផ្ទះពីសំណាក់កម្លាំងប្រជាពលរដ្ឋយ៉ាងណាក្តី គ្រឿងចក្របានរុះរើ វាយកម្ទេចផ្ទះប្រជាពលរដ្ឋដែលកំពុងស្នាក់នៅនោះអស់ចំនួន៣គ្រួសាររាបដល់ដីទៅហើយ។
ពាក់ព័ន្ធការចុះអនុវត្តសាលក្រមស្ថាពរបស់សាលាដំបូងខេត្តបន្ទាយមានជ័យនេះដែរ បើតាមប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះបានឲ្យដឹងថា ការចុះអនុវត្តសាលក្រម រុះរើនេះមិនបានប្រាប់ឬជូនដំណឹងឲ្យពួកគាត់បានដឹងជាមុននោះទេ នៅវេលាកើតហេតុក៏ស្រាប់តែមានកម្លាំងសមត្ថកិច្ចបាននាំយកគ្រឿងចក្រមកវ៉ៃកម្ទេចតែម្តងធ្វើឲ្យគាត់មានការភ័យស្លន់ស្លោមិនបានយករបស់របចេញទាន់ ជាហេតុធ្វើឲ្យបាត់បង់ និងខូចខាតទ្រព្យសម្បត្តិស្ទើតែទាំងស្រុង។ពួកគាត់បន្តថា ដីផ្ទះដែលកំពុងស្នាក់នៅចំណុចខាងលើនេះគិតមកដល់បច្ចុប្បន្នរស់នៅនិងកាន់កាប់ចូល៣០ឆ្នាំទៅហើលពោលគឺតាំងពីឆ្នាំ១៩៩១ម្លេះ លុះមកដល់ឆ្នាំ២០១២ ក៏ស្រាប់តែមានការចោទប្រកាន់ពីឈ្មោះ ទិត្យ លេក បច្ចុប្បន្ន(ស្លាប់) ប្រពន្ធឈ្មោះ លី ម៉ារី រហូតប្តឹងឡើងតុលាដល់ឧទ្ធរណ៍ទៀតផង ។
ក្នុងអំឡុងដែលកម្លាំងចុះអនុវត្តសាលក្រមនោះលោកស្រី លី ម៉ារី ដែលជាម្ចាស់ដីឈ្នះក្តី បានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដោយធ្វើការដោះដូរឲ្យពួកគាត់ទៅរស់នៅកន្លែងដីដែលលោកស្រីមាន ។តែទោះយ៉ាងនេះក្តីប្រជាពលរដ្ឋបានបដិសេធ ដោយពួកគាត់លើកឡើងថា ដោយសារការដោះដូរនោះ ទី១-ឲ្យពួកគាត់នៅរាយប៉ាយពីគ្នាបានន័យថា ស្នាក់នៅក្នុងមួយកន្លែង២ទៅ៣គ្រួសារ ហើយកន្លែងខ្លះលោកស្រីទាមទាឲ្យចេញលុយក្នុងមួយល្វែងដី ៥ពាន់ដុល្លា ពួកគាត់ជាកម្មករតើមានលុយឯណាឲ្យលោកស្រី ។ទី២– ការដោះដូរចែកដីនេះមិនចេញប្លង់ឲ្យ ជាការព្រួយបាររម្មណ៍ខ្លាចថ្ងៃអនាគតលោកស្រីមកទាមទាដូចបច្ចុប្បន្ន។ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះដែរអ្នកសារព័ត៌មានមិនអាចសុំការពន្យល់ណាមួយពីអ្នកពាក់ពន្ធ័បានទេ ដោយសួរលោកស្រី លី ម៉ារី មិនឆ្លើយតមដើរគេចចេញ ចំណែកអភិបាលក្រុងមិនឆ្លើយតប ដោយឡែកលោក វ៉ា ជិមណារ៉េត ចៅសង្គាត់អូរជ្រៅគ្រាន់តែលឺថាអ្នកសារព័ត៌មាន ប្រាប់ថាជាប់រវាល់ក៏ចុចបិតទូរស័ព្ទ។តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបកស្រាយពីសាមីពាក់ព័ន្ធរាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងមូលដ្ឋាន ចុះធ្វើផ្ទះជូនប្រជាពលរដ្ឋនៅកន្លែងដើមវិញចំនួន៣បន្ទប់ ជាបណ្តោះអាសន្នរងចាំងការដោះស្រាយពីអ្នកពាក់ព័ន្ធ។នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការចុះសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញនេះ មិនមែនជាការប្រឆាំងនឹងអំណាចតុលាការនោះទេ ។ប៉ុន្តែដោយភាពជាក់ស្តែង ឃើញថា បច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួលភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ជាក្តីបារម្មណ៍ក្នុងនាមអាជ្ញាធរ មិនបណ្តែតបណ្តោយ និងទុកប្រជាពលរដ្ឋរស់នៅដោយលំបាកនោះឡើយ៕