ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសហការី បានដឹកនាំយុវជន សមាគមរាជសីហ៍សាខាខេត្តព្រៃវែង ចូលរួមពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តគ្រើល ក្នុងស្រុកកំពង់ត្របែក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
ខេត្តព្រៃវែង៖នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសហការី បានដឹកនាំយុវជន សមាគមរាជសីហ៍ សាខាខេត្តព្រៃវែង ចូលរួមពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តគ្រើល ស្ថិតនៅភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំចុះជួយមូលដ្ឋានខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកតា លោកយាយ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្ត តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីកាត់ឬសសីមា និងសម្ភោធសមិទ្ធផលនានា ក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យពុទ្ធចក្រនៅខេត្តព្រៃវែង ជាពិសេស នៅវត្តគ្រើល ក្នុងមូលដ្ឋាននៃស្រុកកំពង់ត្របែកប្រកបដោយផ្លែផ្កាជាទីមោទនៈ នាពេលនេះ។
ក្នុងនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ផ្តាំផ្ញើរការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជននានា។ ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត សូមសម្តែងនូវការអបអរសាទរ និងក្តីអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ នៅក្នុងទីអារាមវត្តថ្មី ដ៏មានវ័យចំណាស់ប្រមាណ ១៣៧ឆ្នាំ មួយនេះ ដែលទាំងអស់នោះគឺកើតចេញពីប្រទេសដែលមានសុខសន្តិភាព ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្រួបបង្រួម និងកសាងជាតិមកដល់បច្ចុប្បន្ននេះ៕